ម៉ូតូ២គ្រឿងបុកគ្នារងរបួសធ្ងន់សងខាងនៅផ្លូវជាតិលេខ៣

ភ្នំពេញ ៖ បុរស២នាក់រងរបួសធ្ងន់ បន្ទាប់ពីជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូ២គ្រឿងជិះបុកគ្នាក្រោមតំណក់ទឹកភ្លៀងរលឹមស្រស្រិច កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ភាគីម៉ូតូសេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1K-4188 បើកបរដោយបុរសម្នាក់ ។ ចំណែកភាគីម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FK-3581 បើកបរដោយបុរសម្នាក់ ។

តាមប្រភពព័ត៌មាន​ពី​កន្លែងបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង គេឃើញម៉ូតូសេរី២០១៥ បើកឆ្លងផ្លូវពីលិចទៅកើត ស្របពេលនោះ ម៉ូតូសេរី២០១៨ បើកល្បឿនលឿនពីជើងទៅត្បូង បណ្តោយផ្លូវជាតិលេខ៣ ជ្រុលទៅបុកពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់សងខាង ។

ជនរងគ្រោះក្រោយកើតហេតុត្រូវបានបងប្អូនប្រជាពលរដ្ឋហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូទាំង២គ្រឿងសមត្ថកិច្ចចុះទៅវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌរងចាំដោះស្រាយ ពេលក្រោយ ៕​៩៨

Leave a Reply

Your email address will not be published. Required fields are marked *