ស្លាប់១ របួស១ នាក់ រថយន្តនីសាន់បុកម៉ូតូ

ខេត្តកណ្តាល: កាលវេលាម៉ោង១០ និង៤នាទីយប់ថ្ងៃ ចន្ទ ៨ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តតូច បុកម៉ូតូ១គ្រឿង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ និងអ្នករួមដំណើររបួសធ្ងន់
នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ៣៤ និ៣៥ ត្រង់ចំណុចភូមិចេតីយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

តាមសមត្ថកិច្ចនគរបាលចរាចរស្រុកស្រុកពញាឮ បានឲ្យដឹងថា នៅវេលាថ្ងៃខែខាងលើ មានរថយន្ត១គ្រឿងម៉ាកនីសាន់ ហ្រ្វាន់ធៀ ពណ៌ទឹកប្រាក់ ពាក់ស្លាក
កំពង់ឆ្នាំង 2B-3614 បើកបរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច។ លុះបើកបរមកដល់ចំណុចកើតហេតុ បានបើកជែងរថយន្ត មួយគ្រឿងទៀត ដែលកំពុងបើកបរស្របទិស នៅខាងមុខក៏ជ្រុល ចង្កូតទៅចូលចំណែកផ្លូវ នៃយានផ្ទុយទិសម្ខាងទៀត បណ្តាលឲ្យបុកម៉ូតូមួយគ្រឿង ម៉ាក វីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីលិចទៅកើតបើកបរ ដោយឈ្មោះ សេម ហ្វា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ទីលំនៅ ភូមិទួលងោគ ឃុំ កំពង់លួង ស្រុក ពញាឮ ខេត្ត កណ្តាល បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរឈ្មោះ លី ស៊ែ ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម ទីលំនៅជាមួយគ្នា របួសធ្ងន់ ។ក្រោយកើតហេតុ អ្នកបើកបររថយន្តទុករថយន្តចោលរួចរត់គេចខ្លួន​បាត់។

បន្ទាប់មកសមត្ថកិច្ចបានទៅដល់វាស់វែង រួចប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករបួស ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីពេទ្យភ្នំពេញ។

បច្ចុប្បន្នវត្ថុតាងរថយន្ត និងម៉ូតូ សមត្ថកិច្ចបានយកមករក្សាទុក នៅអធិការដ្ឋានស្រុកពញាឮ ដើម្បីបន្តនីតិវិធី ៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *