យុវជនម្នាក់ចេញពីធ្វើការ ក្រុមចោរធាក់ផ្តួលម៉ូតូ ប្លន់យកទៅបាត់​

ភ្នំពេញៈ យុវជនម្នាក់ខណៈជិះម៉ូតូចេញពីធ្វើការ ទៅផ្ទះមិត្តភក្តិដើម្បីជិះទៅផ្ទះជាមួយគ្នានៅខណ្ឌច្បារអំពៅ តែមិនទាន់បានជួបមិត្តភក្តិផង ត្រូវក្រុមចោរមានគ្នា៦នាក់ជិះ ម៉ូតូ៣គ្រឿង តាមពីក្រោយដល់កន្លែងស្ងាត់ធាក់ផ្តួល រួចលើកម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ជិះចេញទៅបាត់ ធ្វើឲ្យជនរងគ្រោះ របួសជើង ប្រឹងស្រែកឲ្យគេជួយ ។

ហេតុការណ៍ធាក់ផ្តួលប្លន់យកម៉ូតូទៅបាត់នេះបានកើតឡើងកាលពី ថ្ងៃ ព្រហស្បតិ៍ ១១ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃ កើតឡើងកាលពី​វេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០១៨ នៅចំណុចជិតសាខា ភីហ្សាខមភេនី (Pizza Company) តាមផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីពីជនរងគ្រោះ បានប្រាប់ឲ្យ​ដឹងថា គាត់​ឈ្មោះ យ៉ាង សារ៉ាត់ អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រឡុកស្រា នៅក្នុង NAGA ចំណែកម៉ូតូ ដែលក្រុងចោរប្លន់យកទៅបាត់នោះ ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 1F-5358។

ជនរងគ្រោះ បានបញ្ជាក់ទៀតថា មុនពេលកើតហេតុ គាត់​បានជិះម៉ូតូ​ចេញពីធ្វើការ ក្នុងគោលបំណងទៅលេងមិត្តភក្តិនៅ សាខាភីហ្សាខមភេនី នៅចោមចៅ តែខណៈជិះជិតដល់ទៅហើយនោះ ក៏មានជនសង្ស័យ៦នាក់​ ជិះម៉ូតូ៣គ្រឿង ប្រហែលម៉ាក Dream ប៊ិច ម៉ូតូ Deam និង Suzuki Nex តាមមកពីក្រោយ បានគៀររួចធាក់ឲ្យដួល រត់មកវាយ ពេលនោះ​គាត់​រត់ទៅហៅមិត្តភក្តិនៅក្បែរកន្លែងកើតហេតុ ទើបជនសង្ស័យមានឱកាស លើកម៉ូតូរបស់ខ្លួនជិះបត់ត្រឡប់ចូលមកភ្នំពេញវិញបាត់ស្រមោល ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *