មន្ត្រីនគរបាលស្រុកបាភ្នំម្នាក់ រងការបាញ់ប្រហារពីជនមិនស្គាល់២គ្រាប់រងបួសធ្ងន់

ខេត្តព្រៃវែង ៖ មន្ត្រី​នគរបាលស្រុក​បាភ្នំ​ម្នាក់ រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​ទាំង​យប់​ កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ ព្រហស្បតិ៍ ១១ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃ​ទី​១០ ឧសភា នៅ​ចំណុច​ផ្លូវ​ក្រួស​ក្រហម ស្ថិត​ក្នុងភូមិ​ត្រោក ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង បន្ទាប់ពីរងការបាញ់ប្រហារពីជនមិនស្គាល់មុខមួយក្រុម ។

នគរបាលព្រហ្មទណ្ឌស្រុក​បាភ្នំ បានឲ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ ផេ​ន ភា​រិ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​មន្ត្រី​នគរបាល​ស្រុក​បាភ្នំ មាន​ទីលំនៅ​ក្នុងភូមិ​ស្ពឺ​ខាងកើត ឃុំ​ស្ពឺ​( ក​) ស្រុក​បាភ្នំ​ ខេត្តព្រៃវែង ។ពុំ​មាន​នរណា​ម្នាក់​អាច​បញ្ជាក់​ឲ្យបាន​ច្បាស់​អំពី​មូលហេតុ​ដែលនាំឲ្យមាន​ការផ្ទុះអាវុធនេះនៅឡើ​យ​ទេ ហើយ​ក៏​មិនដឹង​ថា​ជន​បង្ក​ជា​នរណា និង​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ដែរ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា  មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​អង្គុយ​ចុច​ទូរ​សព្ទ័​នៅ​កន្លែង​កើត​ហេតុតែ​ម្នាក់ឯង ហើយ​ក្រោយមក​ក៏​ឮស្នូរ​ផ្ទុះអាវុធ​កើតឡើង ហើយពេល​​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រោង​ដំរី​ទៅ​ដល់​កន្លែង​ផ្ទុះអាវុធ ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​អស់ ឃើញ​តែ​ជន​រង​គ្រោះ​ដួល​ដេក​នឹង​ដីតែម្នាក់​ឯង​ ហើយ​នៅ​លើ​ដងខ្លួន​ជន​រងគ្រោះ​មាន​របួស​២​កន្លែង គឺ​ស្មា​ស្តាំ​និង​ថ្គាម ដែល​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​គេ​បាញ់​ចំ​ស្មា ហើយ​គ្រាប់កាំភ្លើង​បាន​បុក​ធ្លុះ​ចេញពី​ស្មា​ធ្លាយ​ទៅ​ចូល​ក្នុង​ថ្គាម​​បៀម​គ្រាប់​ជាប់​ក្នុង​ថ្គាម ។​ជន​រង​គ្រោះ​ត្រូវ​បាននគរបាលប៉ុស្តិ៍រោងដំរី​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯរាជធានីភ្ណមពេញភ្លាម​ៗ​តែ​ម្តង​។

មន្ត្រី​នគរបាល​ខេត្តព្រៃវែង​បាន​បញ្ជាក់​អោយ​ដឹងផង​ដែរ​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១១ ឧសភា គឺ​ព្រឹក​ថ្ងៃ​បន្ទាប់​ សមត្ថកិច្ច​នគរបាល​ស្រុក ​និង​ខេត្ត​ជា​ច្រើន​នាក់​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ ហើយបាន​រក​ឃើញ​សំបក​ឡត​គ្រាប់កាំភ្លើង​ប្រភេទ K54 ចំនួន​១​គ្រាប់​នៅ​កន្លែង​នឹង​កើតហេតុ ។ក្រៅពី​នោះ​គឺ​ពុំ​ឃើញ​មាន​អ្វី​ដែល​ជា​តំរុយ​សោះឡើយ ហេតុនេះ​ហើយ​ទើប​សមត្ថកិច្ច​មិន​អាច​សន្និដ្ឋាន​បាន​ថា ករណី​ផ្ទុះអាវុធ​នេះ​វា​ជា​រឿង​គំនុំ ឬ​ក៏​ជា​ករណី​អ្វី​ផ្សេង​ឲ្យ​ប្រាកដ​នៅឡើយ​ទេ ព្រោះ​រង់ចាំជន​រង​គ្រោះ​ដែលកំពុង​​សង្គ្រោះដឹងខ្លួនឡើងវិញ ទើបបញ្ចាក់ឲ្យដឹងបាន ​៕​សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *