រថយន្តលុចសុីសGS300បុករថយន្តព្រូសប្រឆិតពីមុខរងការខូចខាត ហើយ​វាយ២,៣ដៃ រួចបើករត់ តែរថយន្តដាច់កាឡែកង់មុខ ក៏ត្រូវ​កម្លាំង​នគរបាល​ឃាត់យកទៅសួរនាំ

ភ្នំពេញ ៖ បុរសពីរនាក់ បានបើករថយន្តលុចសុីសGS300ក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តរថយន្តព្រូសចំប្រឆិតពីមុខ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១០៥ កែងនិងផ្លូវលេខ៤៣៦ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តលុចសុីសGS300 ពណ៌ស គ្មាស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៥ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-9504 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣៦ ទិសដៅពីលិចមកកើតក្នុងល្បឿនល្មម ក៏ត្រូវរថយន្តលុចសុីសGS300បុកប្រឆិតពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តព្រូសរងការខូចខាតខាងមុខយ៉ាងដំណំ ចំណែកឯរថយន្តបង្កបានដាច់កាឡែងកង់មុខផ្នែកខាងស្ដាំ។បន្ទាប់ពីរថយន្តទាំងពីរគ្រឿងបុកគ្នាហើយ ម្ចាស់រថយន្តទាំងពីរចុះមកនិយាយគ្នាបានមួយផ្លេត ស្រាប់តែភាគីខាងរថយន្តលុចសុីសមានគ្នា២នាក់ ចាប់វាយទៅលើ ភាគីរថយន្តព្រូសដែលមាន​តែ​ម្នាក់ឯង បណ្ដាលឲ្យរបួសតិចតួច និងវាយកញ្ចក់រថយន្តព្រូសបណ្ដាលឲ្យបែកផងដែរ រួចហើយក៏ឡើងរថយន្តរបស់ខ្លួនទាំងដាច់កាឡែកង់មុខ បើករហូតទៅដល់ផ្លូវ៤៨៨ទើបឈប់ ដោយម្ចាស់រថយន្តព្រូសតាមទាន់ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ឃាត់អ្នកបង្កហិង្សាដោយចេតនា ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ។

ក្រោយមក​កម្លាំង​នគរ​បាល​មូលដ្ឋានដែលជំនាញចរាចរណ៍ បានមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះតាមផ្លូវច្បាប់ ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *