ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តត្រូវចំណុចផ្លូវបែកជាបួន​បណ្ដាល​អោយ​រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនដល់​ផ្លូវ​បែកជាបួនចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងពេញទំហឹងបណ្តាលដួលបោកនិងថ្នល់រងរបួសធ្ងន់។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩​៖៤០នាទីយប់ថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៨ស្ថិតនៅចំណុចក្រោយមន្ទីពេទ្យលោកសង្ឃតាមបណ្តោយផ្លូវ២៦៥កែងនិងផ្លូវ១៥០ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា​ទ្រីម​ ពណ៌​ខ្មៅពាក់ស្លាកលេខភ្នំពេញ1GD-1730ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៥០ទិសដៅពីលិចទៅកើត។លុះ​មក​ដល់​ចំណុច​ផ្លូវបែកជាបួនកែងនិងផ្លូវ២៥៦ចំណុចកើតហេតុខាងលើចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតមិនចាំម៉ាកធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦៥ទិសដៅពីជើងទៅត្បូងពេញទំហឹងបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះក្លីនីកហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗ។ចំណែក​ឯ​រថយន្តមិនបានឈប់នៅនិងកន្លែងកើតហេតុនោះទេបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល​ រីឯម៉ូតូរងកាខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង។

ក្រោយ​ពី​កើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋានបានចុះមកដល់​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំសាច់ញាត្តិមកទទួលយកត្រឡប់ទៅផ្ទះវិញ៕​ខុង​មុីង​

Leave a Reply

Your email address will not be published. Required fields are marked *