ដើមឈើរលំសង្កត់លើស្លាប់បុរសម្នាក់ ពេលចូលព្រៃអារឈើធ្វើផ្ទះ

ខេត្តស្ទឹងត្រែងៈ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម​ ខណៈចូលព្រៃអារឈើធ្វើផ្ទះ ត្រូវដើមឈើរលំសង្កត់ពីលើកាលពីព្រឹក ថ្ងៃ ចន្ទ ៧កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចស្រែពងគ្រៀល ស្ថិតក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ប្រភពពីអ្នកភូមិជាមួយគ្នា បានឲ្យ​ដឹងថា មុនពេលកើតហេតុ ជនរងគ្រោះស្លាប់ឈ្មោះ ឈុន រ៉េន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ  បានប្រើឲ្យ​កូនរបស់គាត់ទៅហៅបុរសម្នាក់ទៀតឈ្មោះ យន់ យីម ដើម្បីនាំគ្នាទៅព្រៃរកឈើអារ​ធ្វើសរសផ្ទះ គ្រាដែលពួកគាត់បានប្រទះឃើញដើមផ្ចឹកមួយដើម រួចក៏នាំគ្នាអាររំលំ។ ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយមកដើមឈើ ក៏បានដួលទៅទាក់ជាប់ និងមែកឈើមួយដើមទៀតនៅជាប់នោះហើយជនរងគ្រោះបានឲ្យ​ឈ្មោះ យន់ យីម ទៅអារកាត់ដើមឈើ ដែលទាក់ជាប់នេះចេញដើម្បីឲ្យដើមផ្ចឹកធ្លាក់ដល់ដី ។ លុះ ខណៈកំពុងតែអារកាត់នោះ ដើមឈើក៏បានបាក់រេទៅដួលរំលំសង្កត់ចំដើម​ទ្រូងរបស់ជនរងគ្រោះ ព្រមទាំងបាក់ជើងស្តាំជា២កំណាត់ បណ្តាលឲ្យ​ដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុឈ្មោះ យន់ យីម បានហៅអ្នកទៅរកផ្សិត ដែលនៅក្បែរនោះមកជួយលើក និងគាស់យកដើមឈើចេញ ដើម្បីយកសាកសពជនរងគ្រោះត្រឡប់មកផ្ទះវិញ​ធ្វើបុណ្យតាម​ប្រពៃណី បន្ទាប់ពីសមត្ថកិច្ចេជំនាញធ្វើកោសល្យវិច័យ រួច ៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *