


ភ្នំពេញ៖ រថយន្តឡិចស៊ី 450 មួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តកាមរីបាឡែនមួយគ្រឿងបើកបុកពេញទំហឹងបណ្តាលអោយរងការខូចខាតទាំងសងខាង ធ្ងន់ធ្ងរ ហើយរថយន្តឡិចស៊ីបានជ្រុលទៅបុកតូបលក់ចាប់ហ៊ួយបាក់រាបដល់ដី តែសំណាងមិនបង្ករគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៦នៅមុខផ្សារត្រពាំងថ្លឹង ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចសុីស LX 450 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2G 4969 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានបើកឆ្លងផ្លូវពីជើងទៅត្បូងស្រាប់តែមានរថយន្តម៉ាកកាមរីបាឡែន ពណ៌សពាក់ស្លាកលេខភ្នំពេញ2S 7221 បើកបរដោយបុរសម្នាល់និងមិត្តភ័ក្រម្នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបានជ្រុលបុកចំពីចំហៀងពេញទំហឹងបណ្តាលអោយរថយន្តឡិចស៊ីសខ្ទាតខូចខាតធ្ងន់ធ្ងរ។ ហើយភ្លាមៗនោះរថយន្តបង្ក ឡិចស៊ីស450 បានបំរ៉ុងបើកបន្ថែមល្បឿនរត់ ក៏ជ្រុលទៅបុកនឹងតូបលក់ចាប់ហ៊ួយរបស់ប្រជាពលរដ្ធនៅតាមផ្លូវដែលសង់ពីដែកប្រកសង្ក័សី បាក់រាបដល់ដីទើបរថយន្តទៅមុខលែងរួច បន្ទាប់មកម្ចាស់រថយន្តឡិចស៊ី បានឡើងម៉ូតូឌុបទៅបាត់មួយសន្ទុះ ត្រឡប់មកវិញធ្វើជារាង រងរបួសធ្ងន់ បានហៅបងប្អូនមកទទួលជូនទៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុដោយភាគីទាំងសងខាងសុំធ្វើការសម្របសម្រួលអស់ជាង២ម៉ោងដោយភាគីខាងរថយន្តឡិចស៊ីសបានចេញថ្លៃខូចខាតទៅភាគីខាងរថយន្តកាមរីបាឡែនចំនួន៣០០ដុល្លារនិងចេញថ្លៃខូចខាតតូបលក់ចាប់ហ៊ួយចំនួន១០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕សារ៉េត