អ្នកបើកបររថយន្តឈ្នួលថៃចាប់រំលោភពលការិនីកម្ពុជាក្នុងរថយន្តត្រូវតម្រួតឃាត់ខ្លួន

ប្រទេសថៃៈ ជនជាតិថៃម្នាក់  ដែលមានមុខរបរជាអ្នកបើកបររថយន្តដឹកអ្នកដំណើរ ត្រូវបានកម្លាំង​តម្រួតថៃឃាត់ខ្លួន ដោយយោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះជាពលការិនីខ្មែរ ចោទប្រកាន់ទៅលើបុរសនេះថា បានចាប់រំលោភនាងរហូតបានសម្រេចនៅក្នុងរថយន្ត ខណៈដែលខ្លួនបានធ្វើដំណើរវិលត្រឡប់មកលេងស្រុកកំណើតនៅកម្ពុជា ។

ការឃាត់ខ្លួនបុរសនេះ បានធ្វើឡើងកាលពី វេលាម៉ោង៣រសៀល  ថ្ងៃ សុក្រ ១១ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវទៅកាន់សណ្ឋាគារ៩១ កណ្តាលទីរួមស្រុកវ៉ាំងណាំយិន ខេត្តស្រះកែវ  ប្រទេសថៃ  ។

ជនសង្ស័យរូបនេះឈ្មោះ សុង សុមផាត់ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ ៥ ឃុំសៃថង ស្រុកខ្លងហាត ខេត្តស្រះកែវ មានមុខរបរជាអ្នកបើកបររថយន្តតួរីស ដឹកអ្នកដំណើរលេខ ស្រះកែវ ១០.០៧៩៧ រត់លើផ្លូវពីផ្សាររុងក្លឿទៅកាន់ផាតាយ៉ា ឯពលការិនីកម្ពុជាជាជនរងគ្រោះ  អាយុ៣៣ឆ្នាំ ទៅធ្វើការនៅក្នុងប្រទេសថៃយូរខែមកហើយ។

នារីរងគ្រោះ បាននិយាយថា កាលពីថ្ងៃទី២៤  ខែឧសភា នាងបានធ្វើដំណើរតាមរថយន្តនេះ  ក្នុងទិសដៅពីកាប៊ីនបុរី  ទៅកាន់ផ្សាររុងក្លឿ ក្នុងស្រុកអារញ្ញប្រាថេត  ដើម្បីទៅលេងស្រុកកំណើតនៅឯកម្ពុជា ដោយក្នុងរថយន្តមានតែពីរនាក់ គឺរូបនាង និងជនសង្ស័យ។​ នៅពេលនោះជនសង្ស័យបានបើករថយន្តទៅបញ្ចូលហ្គាស ប៉ុន្តែលុះដល់កន្លែងស្ងាត់ អ្នកបើកបរក៏បានចាប់ខ្លួនរំលោភនៅលើកៅអីខាងក្នុងរថយន្តនោះរហូតបានសម្រេច ។ ក្រោយមកនាងក៏បានទូរស័ព្ទទៅប្រាប់ស្វាមី (រស់នៅក្នុងប្រទេសថៃដូចគ្នា ) ដើម្បីដាក់ពាក្យប្តឹងទៅសមត្ថកិច្ច។

ក្រោយពេលចាប់ខ្លួនដើម្បីយកមកសាកសួរ នៅក្នុងស្ថានីយតម្រួតវ៉ាំងណាំយិន គឺមានក្រុមគ្រួសារសាច់ញាតិរបស់ជនសង្ស័យ  ពិសេសក៏មានលោក វាសនា ពោធិថងមេឃុំសៃថង ផងដែរ សរុបប្រមាណ ជិត១០នាក់ បានធ្វើដំណើរមកកាន់ស្ថានីយតម្រួត ដើម្បីចរចា និងទាក់ទងសុំធានាខ្លួនជនសង្ស័យរូបនេះឲ្យ​មានសេរីភាពលើកលែងពីការឃុំខ្លួន។ អ្វីដែលពិតប្រាកដនោះគឺនៅម៉ោង១០ព្រឹកថ្ងៃទី២៦ខែឧសភា នេះ ក្រុមតម្រួតថៃបានឃុំខ្លួនបុរស ដែលជាអ្នកបើកបររថយន្តជាបណ្តោះអាសន្នសិន  ដោយមិនឲ្យ​លើសពី២៤ម៉ោងនោះឡើយ  ដើម្បីនាំយកនារីរងគ្រោះដែលជាជនជាតិខ្មែរទៅកាន់មន្ទីរពេទ្យវ៉ាំងណាំយិន ទៅពិនិត្យធ្វើកោសល្យវិច័យទៅតាមបច្ចេកវិទ្យា D NA លើរូបរាងកាយ និងលើអ្វីដែលពាក់ព័ន្ធនឹងករណីរំលោភនេះ។

ជាចុងក្រោយក្រុមតម្រួតថៃ  ក៏បានអនុញ្ញាតឲ្យ​សាច់ញាតិ  និងក្រុមគ្រួសាររបស់ជនបង្ក  អាចមានសិទ្ធិធានាខ្លួនបានដោយកំណត់ឲ្យ​តម្កល់ប្រាក់ចំនួន ២០០ ០០០បាត( ពីរសែនបាត ) ដោយនៅពេលនេះដែរ គឺក្រុមគ្រួសារកំពុងពិភាក្សាគ្នាក្នុងការរកប្រាក់មកតម្កល់នៅឡើយ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *