អភិបាលខណ្ឌពោធិសែនជ័យនិងលោកចៅសង្កាត់ចោមចៅ១ បន្សល់ទុកផ្លូវមួយខ្សែជាកម្រងអនុស្សាវរីយ៍ ផ្សារភ្ជាប់ជាមួយពលរដ្ឋ

ភ្នំពេញ ៖ ផ្លូវលំមួយខ្សែស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ត្រូវបានបងប្អូនពលរដ្ឋក្នុងភូមិលើកឡើងថា លោក ហែម ដារិទ្ធ អភិបាល នៃគណអភិបាលខណ្ឌពោធិសែនជ័យព្រមជាមួយនិងលោកចៅសង្កាត់ចោមចៅ១ ដែលគេស្គាល់ឈ្មោះថា កង វង បានបន្សល់ទុកធ្វើជាកម្រងអនុស្សាវរីយ៍ ដើម្បីផ្សារភ្ជាប់អាជ្ញាធរ ជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននិងអ្នកដំណើរ ។

ផ្លូវដ៏កម្សត់នៅក្នុងរាជធានីភ្នំពេញមួយខ្សែនេះ ប្រសិនបើ អស់លោក លោកស្រី អាជ្ញាធរ ពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ហើយ ច្បាស់ប្រាកដជាជាប់ចិត្ត ជាប់ផុង ក្នុង ល្បាប់ភក់ រណ្តៅ ជាក់ជាមិនខាន ផ្លូវត្រូវបានក្លាយទៅជាអូរ ភក់ ជម្រៅជ្រៅ ពេលភ្លៀងធ្លាក់ខ្លាំង ផ្លូវខាងលើ ទឹកហូរកាត់ប្រៀបដូចទន្លេនិង ព្រែក ។

តាម​ប្រភពពលរដ្ឋបានលើកឡើងទៀតថា ច្រើនឆ្នាំមកហើយ អាជ្ញាធរ បានត្រឹមមកអើតមើលហើយទៅវិញបាត់ មិនដឹងពេលណា ទើបមានគម្រោង ស្ថាបនា ទុកឲ្យពលរដ្ឋ ត្រូវការចាំបាច់ ប្រើប្រាស់ផ្លូវខាងលើ លុយទឹក លុយភក់ ទាំងយប់ថ្ងៃនេះទេ ។
តាមពលរដ្ឋម្នាក់ បានឲ្យដឹងថា តាំងពីគាត់មករស់នៅ ទីនេះ ច្រើនឆ្នាំមកហើយ ផ្លូវក្នុងភូមិទួលពង្រ ផ្លូវមួយខ្សែនេះ ឃើញតែប៉ុណ្ណឹង គ្មានអ្វីប្រែប្រួលសោះ ។ ពលរដ្ឋបន្តទៀតថា រាល់ថ្ងៃ ពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះជាប្រចាំ ពេលភ្លៀងចុះលុយទឹក ពេលរាំងចុះលុយល្បាប់ភក់ ខណៈដែលទ័លគ្មានជម្រើសផ្លូវណាផ្សេង ចង់មិនចង់ ត្រូវតែលុយទឹកភក់ រាល់ថ្ងៃ ។
ដោយជួបការលំបាក ក្នុងការធ្វើដំណើរ ឬចាំបាច់ផ្លូវសម្រាប់ប្រើប្រាស់ ពលរដ្ឋ ទទូចស្នើសុំដល់អាជ្ញាធរ លោកចៅសង្កាត់ចោមចៅ១ ឬ អាជ្ញាធរខណ្ឌពោធិសែនជ័យ សូមមេត្តាជួយសម្រួល ដល់ប្រជាពលរដ្ឋ ខណៈដែលផ្លូវនៅទីតាំងខាងលើ មិនមែននៅស្រុកជនបទឯណា គឺនៅក្នុងរាជធានីភ្នំពេញយើងនេះទេ ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *