រថយន្តបុកម៉ូតូស្លាប់បុរសម្នាក់រួចបើកគេចបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណសព

ព្រៃវែង ៖ មានករណីគ្រោះថ្នាក់​ចរាចរណ៍មួយកើតឡើង រវាង​រថយន្ត និង​ម៉ូតូខណៈធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្ដាល​ឲ្យ​រថយន្ត​ជ្រុល​កិន​ក្បាល​អ្នកបើក​ម៉ូតូ ធ្លាយ​ខួរ​ស្លាប់ម្នាក់កាលពី​វេលា​ម៉ោង ៨ព្រឹកថ្ងៃ អង្គារ ១៥ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ១ ត្រង់ចំណុច​ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹង្ហ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។

នគរបាលស្រុក​ព្រះស្ដេចបានឲ្យដឹងថា ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ចំណែក​ម៉ូតូ​ជនរងគ្រោះ​ម៉ាកហុងដា  ឌ្រី​ម​សង់​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CN 3813 ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​កំពង់​សឹង្ហ។ ដោយឡែក​រថយន្ត​បង្ក ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រភេទ​រថយន្ត​បែន​ដឹក ប៉ុន្តែ​ពុំទាន់​ស្គាល់​ស្លាក​លេខ ឬ​អ្នកបើកបរ​ទេ ព្រោះ​ក្រោយ​កើតហេតុ បាន​បើក​រត់​គេចខ្លួន។

សាកសព​ជនរងគ្រោះ ត្រូវបាន​លើកដាក់​នៅក្បែ​កន្លែងកើតហេតុ រង់ចាំ​ក្រែង​មាន​អ្នក​ស្គាល់​ទាក់ទង​ប្រាប់​ក្រុមគ្រួសារ ឲ្យ​មក​ទទួលយក ប៉ុន្តែ​បើ​ដល់​ថ្ងៃត្រង់​ហើយ នៅតែ​គ្មាន​អ្នក​ស្គាល់ ឬ​មក​ទទួល​ទេនោះ សមត្ថកិច្ច​និង​យក​សព​ទៅ​រក្សាទុក​នៅ​វត្ត​តាជី​ធំ រង់ចាំស្រាវជ្រាវរកបងប្អូន ឬ​សាច់ញាតិ​មកទទួលយក​ទៅធ្វើបុណ្យតាមប្រពៃណី ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *