



ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័មនិងមនុស្សប្រុសស្រីក្មេងចាស់០៦នាក់ទៀតបានរងរបួសស្រាលធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ រវាងរថយន្តម៉ាក សាំយ៉ុងបុកម៉ូតូសណ្ដោងរឺម៉កបើកឆ្លងផ្លូវ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
តាមប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ ស្នាក់ការសន្តិសុខ ៥០២ ម្នាក់បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត០១គ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ 0437 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាបតែបុកម៉ូតូសណ្ដោងរឺម៉កពេញទំហឹង ខណៈដែលធ្វើដំណើរបើកឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យម៉ូតូសណ្ដោយរឺម៉ក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BH 9464 ដាច់ជាពីកំណាត់។ ចំណែកអ្នកបើកបររថយន្តឃើញហេតុការណ៍បែបនេះចុះរត់គេចខ្លួនបាត់ និងស្លាប់របួសស្រាលធ្ងន់រដូករណេលពាសពេញផ្លូវគួរឲ្យរន្ធត់។
តាមប្រភពដដែលបានបន្តថាអ្នកបើកបរម៉ូតូសណ្ដោងរឺម៉កបានស្លាប់នៅនឹងកន្លែងកើតហេតុឈ្មោះ សៅ ត្រេន ភេទប្រុស អាយុ ២០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្វាយគន់ ឃុំពន្លៃ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង ចំណែកជនរងរបួសទី១ឈ្មោះ វេន ចន្ទី ភេទស្រី អាយុ ១០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិភូមិ-ឃុំកើតហេតុខាងលើ(ធ្ងន់) ទី២ឈ្មោះ ង្វៀង យាំងយើក ភេទប្រុស អាយុ ៥៣ឆ្នាំ(ស្រាល)ទី៣ឈ្មោះ ឡាំង ធូសាង ភេទស្រី អាយុ ៤៥ឆ្នាំ(ធ្ងន់)ទី៤ឈ្មោះ ឡេ ធីហុង ភេទស្រី អាយុ ១៣ឆ្នាំ(ធ្ងន់)ទី៥ឈ្មោះ ឡេ ធីមិន ភេទស្រី អាយុ ១១ឆ្នាំ(ស្រាល)និងទី៥ឈ្មោះ ឡេ ធីហឿង ភេទស្រី អាយុ ៦ឆ្នាំ(ស្រាល) អ្នកទាំង០៥នាក់ ជនជាតិវៀតណាម ស្នាក់នៅភូមិ-ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង។
តាមប្រភពដដែលបន្តទៀតថា ជនរងរបួសស្រាលធ្ងន់ទាំង០៦នាក់ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំ។រីឯសាកសពបានធ្វើកំណត់ហេតុប្រគល់ក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ដោយឡែកវត្ថុតាងម៉ូតូសណ្ដោងរឺម៉កនិងរថយន្តបង្ក ត្រូវយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីរងចាំបន្តធ្វើការដោះស្រាយគ្នាតាមនីតិវិធី៕សិរសា