លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ថានឹងចាត់ការតាមច្បាប់ បើ មេធាវី ទិត សុខវណ្ណា ដែលយករំលោភដីរដ្ឋមិនព្រមរុះចេញវិញ

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះថា អាជ្ញាធរ បានកំណត់ឲ្យលោក មេធាវី ទិត សុខវណ្ណា រុះរើរោងដែកដែលសង់រំលោភយកដីផ្លូវសាធារណៈរបស់រដ្ឋ ត្រឹម៥ថ្ងៃក្រោយពេលជូនដំណឹង។

លោកអភិបាលខណ្ឌរូបនេះ បញ្ជាក់ថា បើ មេធាវី ទិត សុខវណ្ណា ដែលហ៊ានរំលោភបំពានយកដីរដ្ឋមិនព្រមរុះរើ សំណង់ខុសច្បាប់នោះចេញតាមកាលកំណត់ទេ អាជ្ញាធរ នឹងចាត់វិធានការច្បាប់ និងចុះរុះរើផ្ទាល់តែម្តង។

លោក ម៉ូវ ម៉ានិត អះអាងថា លោកមេធាវី ទិត សុខវណ្ណា បានសង់រោងដែករំលោភយកផ្លូវសាធារណៈរបស់រដ្ឋ ដែលមានក្នុងប្លង់មេ (LMAP) របស់រដ្ឋពិតមែន។

ទោះជាយ៉ាងណា អភិបាលខណ្ឌរូបនេះ បានបញ្ជាក់ថា បើលោក មេធាវី ទិត សុខវណ្ណា មានឆន្ទៈ រុះរើដោយខ្លួនឯង ខាងអាជ្ញាធរ នឹងទុកពេលឲ្យ ប៉ុន្តែត្រូវធ្វើកិច្ចសន្យាជាមួយ អាជ្ញាធរ ឲ្យបានច្បាស់លាស់។

សូមជម្រាបជូនថា យោងតាមលិខិតរបស់សាលាសង្កាត់គោកឃ្លាង មានចុះហត្ថលេខាលោក ញ៉ាត សាម៉េត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ បានកំណត់ពេលឲ្យលោក ទិត សុខវណ្ណា ដែលគេដឹងថា មានមុខរបរជាមេធាវី នៃគណៈមេធាវីកម្ពុជា រុះរើសំណង់រោងដែកដែលសង់លើដីគម្រោងផ្លូវសាធារណៈក្នុងរយៈពេល៥ថ្ងៃក្រោយថ្ងៃជូនដំណឹង។

បើតាមលោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានឲ្យដឹងថា ក្រុមមន្ត្រីរបស់លោកបាន ចុះទៅបិទលិខិតជូនដំណឹង នៅលើរោងដែក ដែលលោកមេធាវី ទិត សុខវណ្ណា សង់រំលោភយកដីផ្លូវសាធារណៈរបស់រដ្ឋនោះរួចរាល់ហើយ ដោយទុកពេល៥ថ្ងៃឲ្យលោកមេធាវី ទិត សុខវណ្ណា រុះរើដោយខ្លួនឯង។

លោកចៅសង្កាត់បានបញ្ជាក់ថា ក្នុងករណីលោក មេធាវី ទិត សុខវណ្ណា មិនគោរពតាម សេចក្តីជូនដំណឹងរបស់អាជ្ញាធរ នោះអាជ្ញាធរ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតនោះទេ។

បើផ្អែកលើលិខិតជូនដំណឹង លោកមេធាវី ទិត សុខវណ្ណា បានសង់រោងដែករំលោភយកផ្លូវសាធារណៈរបស់រដ្ឋនៅចំណុច ក្រុមទី១ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋាន ដែលលោកមេធាវី ទិត សុខវណ្ណា រំលោភយកផ្លូវសាធារណៈ របស់រដ្ឋជាកម្មសិទ្ធិ បានសម្តែងការខកចិត្តចំពោះអាជ្ញាធរមូលដ្ឋានដែលមិនបានត្រួតពិនិត្យនៅពេលមេធាវីរូបនេះសាងសង់ បែរជាទើបតែមានវិធានការនៅពេលពួកគាត់ រិះគន់តាមរយៈសារព័ត៌មាន។

ប្រជាពលរដ្ឋបានសំណូមពរ ឲ្យអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធររាជធានី ដែលមានលោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរចំពោះលោកមេធាវី ដែលចេះដឹងច្បាប់ បែរជាអង្គុយលើច្បាប់ រំលោភបំពានច្បាប់ ដែលជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់រាជរដ្ឋាភិបាលបែបនេះ។

ពលរដ្ឋក៏បានអំពាវនាវឲ្យ គណៈមេធាវីកម្ពុជា មេត្តាពិនិត្យលើបញ្ហានេះផង ដើម្បីកុំឲ្យលោកមេធាវី ទិត សុខវណ្ណា ម្នាក់ធ្វើឲ្យខូចកិត្តយសដល់ស្ថាប័នគណៈមេធាវី និងកេរ្តិ៍ឈ្មោះមេធាវីដែលគេប្រព្រឹត្តតែអំពើត្រឹមត្រូវ។

បើយោងតាមមាត្រា២៥៩ នៃច្បាប់ភូមិបាលបានចែងថា ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥លាន ទៅ៥០លានរៀល និងផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ។

មហាជន កំពុងរង់ចាំមើលចំណាត់ការផ្លូវច្បាប់របស់ អាជ្ញាធរខណ្ឌសែនសុខ ថាតើអាជ្ញាធរខណ្ឌមួយនេះ អាចអនុវត្តច្បាប់ លើមេធាវី ដែលបំពានច្បាប់រូបនេះដែរឬទេ?

ពលរដ្ឋសង្ឃឹមថា អាជ្ញាធរខណ្ឌសែនសុខ ដែលដឹកនាំដោយ លោក ម៉ូវ ម៉ានិត នឹងអនុវត្តលិខិតជូនដំណឹង ឲ្យមានប្រសិទ្ធភាព ដើម្បីឲ្យពលរដ្ឋ មានជំនឿលើចំណាត់ការរបស់អាជ្ញាធរមូលដ្ឋាន៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *