ម៉ូតូ​២គ្រឿងសាកកម្លាំងគ្នា​បណ្ដាល​អោយ​របួសធ្ងន់ស្រាល៥នាក់

ភ្នំពេញ ៖ មនុស្ស២នាក់រងរបួសធ្ងន់ ក្នុងនោះមានស្រ្តីពោះធំ៦ខែផងដែរ ចំណែក៣នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូបុកគ្នា។
ហេតុការខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៧ព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិងនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិព្រៃល្ងរ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ភាគីម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1L-8495 ជិះគ្នា៣នាក់បងប្អូន បើកបរដោយឈ្មោះតឿ សុភាព ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ រងរបួសស្រាល រួមដំណើរជាមួយ បងស្រី រងរបួសស្រាល និងប្អូនប្រុសម្នាក់ទៀត ឈ្មោះ គង់ ក្រូច អាយុ១៨ឆ្នាំ មុខរបរ កម្មករ រងរបួសធ្ងន់ បាក់ស្មាខាងឆ្វេង ។ ជនរងគ្រោះទាំង៣នាក់ ស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅ១ មានស្រុកកំណើត ខេត្តស្វាយរៀង ។ ចំណែកភាគីម្ខាងទៀត ម៉ូតូ ហុងដាដូចគ្នាសេរី១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1S-7633 ជិះគ្នា២នាក់ ប្តីប្រពន្ធ បើកបរដោយឈ្មោះ លាង ជូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ រងរបួសស្រាល ចំណែកប្រពន្ធ រងរបួសធ្ងន់ បាក់ជើងស្តាំ ខណៈដែលកំពុងមានផ្ទៃពោះ៦ខែ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិ ព្រៃល្ងរ សង្កាត់ចោមចៅ២ មានស្រុកកំណើត ស្រុកមេសាង ខេត្តព្រៃវែង ។

តាមប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូជិះ២នាក់ប្តីប្រពន្ធ បើកលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ពីលិចទៅកើត ដល់ចំណុចខាងលើ សុីញ៉ូបត់ឆ្លងផ្លូវ ស្រាប់តែភាគីម៉ូតូ ជិះគ្នា៣នាក់បងប្អូនលើផ្លូវអថិភាពពីកើតទៅលិចជ្រុលបុកពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់២នាក់ ស្រាល៣នាក់ ។

ក្រោយកើតហេតុ ស្រ្តីពោះធំរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកបញ្ជូនយកទៅព្យាបាល ចំណែកយុវជនម្នាក់របួសបាក់ស្មា ត្រូវបានសាច់ញាតិ ដឹកតាមម៉ូតូទៅពេទ្យដោយខ្លួនឯង ។ ដោយឡែកម៉ូតូទាំង២គ្រឿង​ត្រូវ​កម្លាំង​នគរ​បាល​វាស់វែងរួចយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយពេលក្រោយ ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *