មន្ទីរពេទ្យ “សង់ត្រាល់”រងការរិះគន់ពីគ្រួសារទារករងគ្រោះ ថា មិនយកចិត្តទុកដាក់មើលថែអ្នកជំងឺទុកឲ្យទារកកើតបាន៤ថ្ងៃស្លាប់

ភ្នំពេញៈមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់ក្រុមគ្រួសារមួយ ទៅលើគ្រូពេទ្យមន្ទីរពេទ្យ “សង់ត្រាល់” ថា ក្រុមគ្រួសារពេទ្យក្នុងមន្ទីរពេទ្យនេះ មិនយកចិត្តទុកដាក់មើលថែអ្នកជំងឺឡើយ ដោយ​បណ្ដែត​បណ្តោយឲ្យកូនជាទីស្រឡាញ់របស់គាត់កើតបាន៤ថ្ងៃ ស្លាប់យ៉ាងអាណោចអាធ័ម​បំផុត។

ការរិះគន់នេះត្រូវបានគេស្រង់សម្តីតាមគណនីហ្វេសប៊ុកមួយឈ្មោះ Jolly BabyShopដែល បានសរសេរសាររិះគន់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខាងលើ ធ្វើឲ្យផ្អើលផ្ទុះការចែកចាយតៗគ្នា និងរិះគន់យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុកចំពោះភាពចន្លោះប្រហោងបណ្ដែតបណ្ដោយមិនមើលថែអ្នកជំងឺរបស់ក្រុមគ្រូពេទ្យក្នុងន័យផ្សេងៗគ្នា បន្ទាប់គ្រួសារមួយនេះ បានរងគ្រោះដោយត្រូវបាត់បង់កូនទើបតែកើតបានរយៈពេល៤ថ្ងៃនោះ។

គណនីហ្វេសប៊ុក Jolly BabayShop កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ បានសរសេរបញ្ជាក់ពីភាពឈឺចាប់របស់ពួកគេយ៉ាងដូច្នេះថា ពេលដែលស្ដ្រីពពោះម្ដងៗ មិនមែនស្រួលទេ ទម្រាំគ្រប់ខែ ធ្វើជាពេទ្យគួរតែដឹងហេតុអ្វីក៏ធ្វេសប្រហែសម្លេះ? សូមបងប្អូនជួយស៊ែផង ដើម្បីកូនៗៗទាំងអស់គ្នា ខ្ញុំជួបរឿងអយុត្តិធម៌នៅមន្ទីរពេទ្យ បានធ្វើឲ្យកូនខ្ញុំស្លាប់ ដោយសារតែពួកគ្រូពេទ្យ វាមិនយកចិត្តទុក្ខដាក់និងយើងទេ វាមិនខ្វល់ពីកូនយើងទេ ពេលដែលកូនយើងឈឺក្តៅខ្លួន យើងប្រាប់ពេទ្យថា កូនយើងក្អួត រាក ក្ដៅ ខ្លួនវាចេះតែថាមិនអីៗៗ រហូតដល់កូនយើងហើមពោះខ្លាំងមែនទែន ពេទ្យមកមើល ហើយថា មើលលែងបានហើយក៏បញ្ចូនកូនយើងទៅមន្ទីរពេទ្យកាល់ម៉ែត

គណនីហ្វេសប៊ុកដដែលបន្តថា ទៅកាល់ម៉ែតៗគេលែងទទួលដោយ ប្រាប់ថា ឧបករណ៍មិនគ្រប់គ្រាន់សុំឲ្យនាំកូនមកពេទ្យគន្ធបុប្ជាវិញ។ ខ្ញុំមិនដឹងថា ពេទ្យស្រុកខ្មែរមួយចំនួន បានរៀនពីក្រមសីលធម៌របស់គ្រូពេទ្យដែរឬអត់នោះទេ ព្រោះខ្ញុំឈឺចាប់ខ្លាំងណាស់នឹងទង្វើមិនខ្វល់ មិនអើពើ ដែលក្នុងនាមយើងជាម្តាយឪពុកក្មេងកំពុងស្រក់ទឹកភ្នែកអាណិតកូន វាពិតជាសោកស្ដាយខ្លាំងណាស់។ អ្នកជំងឺបានចាត់ទុក្ខគ្រូពេទ្យដូចទេវតា ឲ្យតម្លៃណាស់ទៅលើគ្រូពេទ្យ តែគ្រូពេទ្យធ្វើអោយខ្លួនឯងក្លាយជាគ្មានតម្លៃ គួរឲ្យស្អប់ខ្ពើម នឹងគួរឲ្យចង់ធាក់មួយជើងបាក់ក តែយើងក៏មិនអាចធ្វើ

ទីបំផុត ក្មួយខ្ញុំបានបាត់បង់ជីវិតនៅម៉ោង២ថ្ងៃត្រង់នេះ ថ្ងៃទី៧មិថុនា ។ ឯណាទៅពាក្យថា មិនអី??????? នៅពេលបានដឹងថា កូនបាត់បង់ជីវិត បងខ្ញុំស្ទើរដួលសន្លប់ ទ្រហោយំ អោបសពកូន។ ខ្ញុំពិតជាខ្លោចចិត្តណាស់កូន លីណា ទើបកើតបាន៤ថ្ងៃ ត្រូវស្លាប់ទៅវិញ ដោយសារការធ្វេសប្រហែសរបស់ពេទ្យ។ ហ្វេសប៊ុក Jolly BabyShop បញ្ជាក់។

សូមបញ្ជាក់ថា ថ្វីបើក្នុងខ្លឹមសារម្ចាស់គណនីហ្វេសប៊ុកខាងលើ មិនបានបញ្ជាក់ពីអត្ត​សញ្ញាណ​​មន្ទីរពេទ្យក៏ពិតមែន ប៉ុន្តែបើតាមសារឆ្លើយឆ្លង (comment) ម្ចាស់គណនី​បានប្រាប់​អ្នកចូលរួមរំលែកទុក្ខ និងសម្ដែងការសោកស្ដាយថា នៅពេលកូនមិនស្រួលខ្លួនខ្លាំង ម្ដាយ​ក្មេង​រងគ្រោះបាននាំកូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ សង់ត្រាល់ ដែលមានទីតាំង​ស្ថិត​នៅផ្ទះលេខ៨២អា តាមបណ្ដោយផ្លូវលេខ១៥៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពាក់ព័ន្ធករណីនឹងការចោទប្រកាន់របស់គ្រួសារខាងលើនេះ លោកប្រធានមន្ទីរពេទ្យ សង់ត្រាល់ ភ្នាក់ងារ​កាសែតនគរវត្ត មិនអាចសុំការបំភ្លឺបានទេកាលពីថ្ងៃទី៨ ខែមិថុនាម្សិលមិញនេះ ៕ ប្រសើរ

 

 

Leave a Reply

Your email address will not be published. Required fields are marked *