ភ្នំពេញ៖រថយន្តសាំយ៉ុងមួយគ្រឿងបានក្រឡាប់ផ្ងារជើងក្នុងប្រឡាយទឹក ខណៈដែលអ្នកបើកបររថយន្តផឹកស្រាស្រវឹងបើកលឿនវ៉ា រួចគេចរថយន្តមួយគ្រឿងទៀតធ្វើដំណើរបញ្ច្រាសទិសគ្នាមិនប្រយត្ន័ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២:០០នាទីយប់ថ្ងៃទី ២១ ខែធ្នូ ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ស្ថិតក្នុងភូមិ
គប់គង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
តាមប្រភពពត៌មានពី កន្ដែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តខាងលើ ម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 2A-3405 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ៣ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើបន្ថែមល្បឿនវ៉ាខាងស្តាំដៃ។ លុះដល់ពេលវ៉ាផុត ក៏មានរថយន្តមួយគ្រឿងបើកមកបញ្ច្រាសទិសគ្នា វ៉ាក់អឺជាមួយគ្នាទើបរថយន្តសាំយ៉ុង បង្ខំចិត្តប៊ួងចង្កូតមកឆ្វេងដៃ រ៉េធ្លាក់ប្រឡាយទឹកក្រឡាប់ផ្ងារជើងទ្រមេឃ ភ្លាមៗអ្នកបើកបរស្មារតីនៅនឹង បានធាក់ទ្វារចេញរត់បាត់ពីកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានបានទៅមើលកន្លែងកើតហេតុ ដោយឃើញមិនមានបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ។បន្ទាប់មកមានតំណាងរថយន្តមកស្ទូចថាជារបស់ខ្លួនដោយហៅរថយន្តស្ទូចមួយគ្រឿងទៀតមក ដើម្បីយកទៅជួសជុលដោយខ្លួន។ ប៉ុន្តែនរគបាលប៉ុស្តិ៍ចោមចៅបានឃាត់ទុករងចាំឯកសារគ្រប់គ្រាន់ទើបប្រគល់វិលត្រឡប់ទៅវិញ។
បច្ចុប្បន្ននេះរថយន្តបង្កហេតុត្រូវបាននគរបាលប៉ុស្ដិ៍ចោមចៅយកមករក្សាទុករងចាំម្ចាស់ទទួល៕សិរសា