(ភ្នំពេញ)៖ នគរបាលខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនបុរសម្នាក់នាព្រឹកថ្ងៃទី២២ខែ ធ្នូ នេះ បន្ទាប់បុរសជាសន្តិសុខ នៅក្រុមហ៊ុន CISS ម្នាក់នេះ បានទៅចាប់រំលោភក្មេងស្រីម្នាក់ ដោយធ្វើទារុណកម្មផ្លូវភេទ ចាប់ចងដៃ ចងជើង ហើយប្រើឡាមវះកាត់ខោខាងក្នុង តែមិនបានសម្រេច ក្រោយពីក្មេងស្រីរងគ្រោះស្រែកឲ្យគេជួយទាន់ តាំងពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែទើបនឹងចាប់ខ្លួនបាននៅពេលនេះ។
អធិការនគរបាលខណ្ឌមានជ័យ លោក យឹម សារ៉ាន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នី សត្យា អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្រពាំងពោធិសង្កាត់ចោមចៅមុខរបរជា សន្តិសុខក្រុមហ៊ុន CISS ដោយឡែកក្មេងស្រីរងគ្រោះមានឈ្មោះ ស ណ អាយុ១៧ឆ្នាំ រស់នៅភូមិកាប់ជ្រូក សង្កាត់សំរោងក្រោម ទីដែលជនសង្ស័យធ្វើសកម្មភាព។
បើតាមលោកអធិការរៀបរាប់តាមណ្តឹងឪពុកម្តាយក្មេងស្រីរងគ្រោះថា កាលពីថ្ងៃ១៦ ឈានចូលថ្ងៃ១៧ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យបានធ្វើសកម្មភាពចូលលួចសម្ភារ នៅក្នុងផ្ទះជនរងគ្រោះ ប៉ុន្តែពេលចូលធ្វើសកម្មភាពនោះ ស្រាប់តែឃើញក្មេងស្រីរងគ្រោះស្អាតនៅក្នុងបន្ទប់តែម្នាក់ឯង ក៏ទៅចាប់ចងដៃ ចងជើង ហើយយកឡាមវះខោក្នុង ប៉ងចាប់រំលោភតែ ភ្លាមៗនោះក្មេងស្រីរងគ្រោះ បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ឪពុកម្តាយ របស់ពួកគេ ទើបជនសង្ស័យរត់គេចខ្លួនតែម្តង។
បន្ទាបើមកភាគីរងគ្រោះបានទូរស័ព្ទទៅលោកផ្ទាល់ ហើយលោកក៏បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវរហូតចាប់ខ្លួនបានថ្ងៃនេះតែម្តងខណៈដែល តំណាងក្រុមហ៊ុន សន្តិសុខខាងលើ បានចេញមកបញ្ជាក់ថា ជនសង្ស័យមិនមែនជាបុគ្គលិករបស់ក្រុមហ៊ុនខ្លួននោះទេ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះ កំពុងសួរនាំបដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការតាមនីតិវិធី៕ អូន ធួក


