







ខេត្តកំពង់ចាម៖ មនុស្ស៥នាក់ ត្រូវបានកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកក់និងកំលាំងនគរបាលការពារចំការកៅស៊ូបឹងកេត ប្រើវិធានញុះញង់បង្ក្រាបឃាត់ខ្លួនក្នុងបទសង្ស័យ រក្សារទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន។
ករណីឃាត់ខ្លួននេះធ្វើរឡើងនៅម៉ោង ២:៤០នាទីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះបូរីកម្មរក្រុមហ៊ុនឡុងស្រេងបឹងកេត ស្ថិតក្នុងភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។
តាមប្រភពពត៌មានពីនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ទី១ ឈ្មោះ ណូ ស្មាឯល ហៅពៅហៅបូរី ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិចាមមានទីលំនៅភូមិទីបី ឃុំកំពង់ទ្រាសស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ(បច្ចុប្បន្នដើរស្នាក់នៅគ្រប់កន្លែង)។ ទី២ ឈ្មោះ ណូ ហាប់សោះ ភេទស្រី អាយុ៤២ឆ្នាំ ជាតិចាមនៅភូមិទីបី ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។(ទើបដោះលែងពីពន្ធនាគាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម្សិលមិុញនេះ)។ ទី៣ ឈ្មោះ ឯល អិលវី ភេទប្រុស អាយុ២៦ឆ្នាំ ជាតិចាមនៅភូមិទីបី ឃុំកំពង់ទ្រាស.ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ទី៤ ឈ្មោះ កូប ប៉ាហ្ស៊ី ភេទប្រុស អាយុ២២ឆ្នាំ ជាតិចាមនៅភូមិទីបី ឃុំកំពង់ទ្រាស.ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ទី៥ ឈ្មោះសុង សេង ភេទស្រី អាយុ២៨ឆ្នាំជាតិខ្មែរនៅភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
តាមប្រភពដដែលបានបន្ដទៀតថា ករណីនេះជំនាញបានធ្វើការតាមដានស្រាវជ្រាវរហូតចាប់យកវត្ថុតាងថ្នាំញៀនម្សៅក្រាមពណ៌សចំនួន១កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង សំភារៈសេពគ្រឿងញៀនមួយចំនួន ប្រាក់ញុះញង់ចំនួន៣៥០០០០រៀល ម៉ូតូ១គ្រឿងម៉ាកC125ពណ៌ក្រហមសេរី2010ឡើងតែម2014លេខតួ+លេខម៉ាស៊ីន8500972ស្លាកលេខ1B0684 ទូរសព្ទ១គ្រឿងម៉ាកមិតហ្វូន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធី ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត