យុវជនវ័យក្មេងម្នាក់ជិះម៉ូតូចុះពីលើស្ពានអាកាស5មករាដួល ត្រូវរថយន្តមកពីក្រោយកិនចំក្បាលស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់បានបែកក្បាលខ្ទេចមើលមុខឡើងលែងស្គាល់ ខណៈពេលដែររូបគាត់ជិះម៉ូតូចុះពីលើស្ពានអាកាស5មករាបណ្ដាលឲ្យដួល ហើយត្រូវរថយន្តមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ កិនក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌តែម្ដង កាលពីវេលាម៉ោង៨នឹង៣០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅខាងលិចគល់ស្ពាន៥មករា ទល់មុខសាលាតិចណូ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ធៀម ធារ៉ា ភេទប្រុសអាយុ២១ឆ្នាំ មានស្រុកកំណើតឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាមេការជាងសំណង់ ដោយជិះម៉ូតូម៉ាក Today ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GX 7156 ។ ចំណែករថយន្ត២៤កៅអី ពាក់ស្លាកលេខ ភ្នំពេញ 3B 7920 ឃាត់បានព្រូម្នាក់។

តាមប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា យុវជនរងគ្រោះខាងលើបានជិះម៉ូតូម្នាក់ឯងចុះពីលើស្ពាន៥មករា ពេលដល់កន្លែងកើតហេតុបានរអិលដួលម៉ូតូ ហើយភ្លាមនោះរថយន្តដឹកអ្នកដំណើរមកពីក្រោយចាប់ហ្វ្រាំងមិនទាន់​ ក៏បានកិនចំក្បាលខ្ទេចមើលមុខឡើងលែងស្គាល់ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកឃាត់ព្រូរថយន្តបង្កទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងទំនាក់ទំនងទៅជំនាញចរាចរណ៍មកធ្វើការវាស់វែង និងទំនាក់ទំនងទៅសាច់ញាតិក្រុមគ្រួសារសពឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងទាំង២(ម៉ូតូនិងរថយន្ត) និងព្រូដែលឃាត់ខ្លួនបាន យកទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *