អតីត​បុគ្គលិក​ស្ថានទូត​អាមេរិក ជាង២០នាក់ លើកគ្នា​តវ៉ា​នៅមុខ​ស្ថានទូត

ភ្នំពេញ៖អតីត​បុគ្គលិក​នៃ​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា ប្រមាណ​ជាង២០នាក់ បាន​នាព្រឹក​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានលើកគ្នា​តវ៉ា​នៅមុខ ស្ថានទូត​អាមេរិក នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​ពួកគាត់​ត្រូវបាន​ស្ថានទូត​បណ្តេញ​ចេញពី​ការងារ ដោយ​មិនមាន​ហេតុផល​ច្បាស់លាស់ ។ អតីត​បុគ្គលិក​ទាំងនោះ ដែលមាន​ចំនួន​សរុប ៣២រូប ត្រូវបាន​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បញ្ឈប់​ពួកគាត់​ចេញពី​ការងារ កាលពី​ខែមេសា ឆ្នាំ២០១៨ ដោយ​ចោទប្រកាន់ថា បុគ្គលិក​ទាំងនោះ បាន​ចែករំលែក​នូវ​រូបភាព អាសអាភាស មិន​សមរម្យ នៅក្នុង​ក្រុម​មួយ​ដាច់ដោយឡែក​របស់​ពួកគាត់ ដោយ​ប្រើប្រាស់​កម្មវិធី Facebook Messenger តែគ្មានភស្តុតាងច្បាស់លាស់ ។

ការតវ៉ានេះត្រូវបានសាលា​រាជធានី​ភ្នំពេញ ​អនុញ្ញាត​ឲ្យ​ពួកគាត់​ធ្វើ​ដោយ​អហិង្សា និង​ធ្វើ​សន្និសីទកាសែត នៅថ្ងៃនេះ​ចាប់ពី​ម៉ោង៨ព្រឹក រហូតដល់​ម៉ោង១២ថ្ងៃត្រង់ ដោយមាន​អ្នកចូលរួម​ប្រមាណ២០នាក់ នៅមុខ​ស្ថានទូត​ផ្ទាល់​តែម្ដង ប៉ុន្ដែ​ពុំ​អនុញ្ញាត​ឲ្យ​មានការ​ដង្ហែ​ក្បូន​ចេញពី​ទីតាំង​ណាមួយ ឆ្ពោះ​មក​កន្លែង​រៀបចំ​ពិធី​ឡើយ។

បើតាម​លិខិត​ស្នើសុំ​តវ៉ា​ដោយ​អហិង្សា ពី​សំណាក់​បុគ្គលិក​ទាំង៣២នាក់ ទៅកាន់​អភិបាល​រាជធានី​ភ្នំពេញ គឺ​ពួកគាត់​បាន​បញ្ជាក់ថា «ការិយាល័យ​ធនធានមនុស្ស​របស់ ស្ថានទូត​អាមេរិក បាន​បញ្ឈប់​យើងខ្ញុំ ពី​ការងារ​ដោយ​អយុត្តិធម៌ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​បញ្ហា (Facebook messenger group) ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់»

អតីត​បុគ្គលិក​ដែល​ស្ថានទូត​អាមេរិក បញ្ឈប់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ បានធ្វើ​ការទាមទារ​នូវ​ចំណុច​មួយចំនួន៖ ទាមទារ​រក​យុត្តិធម៌ ពី​ការបញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ និង​មិន​បង្ហាញ​ភ័ស្ដុតាង, ទាមទារ​កែ​ពាក្យ​ពី​ការបណ្ដេញចេញ មកជា​ការកាត់បន្ថយ​បុគ្គលិក​វិញ និង​ទាមទារ​សំណង៦ខែ ទៅតាម​ច្បាប់​កាត់បន្ថយ​បុគ្គលិក។

ពួកគាត់ ក៏​សូម​ប្ដឹង​ពីបទ​ល្មើស​រំលោភសិទ្ធិ​បុគ្គល ដោយ​ដកហូតយក​ទូរស័ព្ទ​ទៅ​ឆែក​រកមើល​រូបភាព និង​ឯកសារផ្សេងៗ ព្រមទាំង​រឹបអូស​យក ទូរស័ព្ទ​របស់​ពួកគាត់ មួយចំនួន​រក្សាទុក​មួ​យ​រយៈ​ទៀតផង, សូម​ឲ្យ​ទូទាត់​លុយ​មូលនិធិ​ឧបត្ថម្ភ (ប្រាក់១២ភាគរយ) ក្នុង​ខែ​នេះ​តែម្ដង ព្រោះ​រយៈពេល៣ខែ មកហើយ​មិនទាន់​ទូទាត់​ឲ្យ​ទេ, សូម​ប្ដឹង​ទារ​សំណង​ជំងឺ​ចិត្ត ទៅលើ​ការ​បង្ខូច​កេរ្ដិ៍ឈ្មោះ និង​កិត្តិយស​របស់​ពួកគាត់​ទាំងអស់គ្នា ដោយសារតែ​ការចោទប្រកាន់ គ្មាន​ភ័ស្ដុតាង​ច្បាស់លាស់ និង​សូម​ឲ្យ​សមា​គន​បុគ្គលិក​ខ្មែរ​មាន​សិទ្ធិ ចូលរួម​ដោះស្រាយ​រាល់​បញ្ហា​ការបញ្ឈប់​បុគ្គលិក​ខ្មែរ ដែលមាន​ភាពអយុត្តិធម៌ និង​មិន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​នៃ​សៀវភៅ​ការងារ។

MCN មិនអាចសុំ​ការបកស្រាយ​ណាមួយ​ពី​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា​នៅឡើយ​ទេ នាព្រឹកមិញនេះ ដោយសារ ទំនាក់ទមនងមិនបាន ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *