សាក​សព​បុរស​ម្នាក់​ស្លាប់​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​សង្ស័យ​ជា​ករណី​ឃាតកម្ម​

ភ្នំពេញ​៖​ សាក​សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ សង្ស័យ​ជា​ករណី​ឃាតកម្ម​។ ហេតុការណ៍​ប្រទះ​ឃើញ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១០៖០០នាទី​ព្រឹក​ថ្ងៃ​ទី​១៩ខែ​មិថុនា​ឆ្នាំ​២០១៨​ស្ថិត​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ក្នុង​ភូមិ​ភ្នៀត​ សង្កាត់​ស្ទឹង​មាន​ជ័យ​១​ខណ្ឌ​មាន​ជ័យ​។

សាក​សព​ជនរងគ្រោះឈ្មោះ ទេព វង្ស អាយុ២៧ ឆ្នាំមុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្ដសៀមរាប ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ សាកសពបុរសខាងលើ ត្រូវបាន ប្រជាពលរដ្ឋ អ្នកដំណើរឆ្លងកាត់ ប្រទះឃើញដេកស្លាប់ ក្បែរមាត់ទឹកប្រឡាយ ក្នុងសភាពមានស្នាមរបួស មិនដឹងថា មានរឿងអ្វីកើតឡើងសម្រាប់ជនរងគ្រោះ ។ តែបើតាមការសន្និដ្ឋាន នៅកន្លែងកើតហេតុ មតិភាគច្រើន ដាក់ការសង្ស័យ ជារឿងឃាតកម្ម បង្កឲ្យភ្ញាក់ផ្អើល ហើយរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យមើលផ្ទាល់ ។

តែទោះជាការសន្និដ្ឋាន ជារឿងឃាតកម្មក្តី សមត្ថកិច្ច ចុះទៅ ពិនិត្យ ដល់កន្លែង ចំពោះករណីអ្វីឲ្យច្បាស់ប្រាកដនោះ រងចាំសមត្ថកុច្ចជំនាញធ្វើកោសល្យវិច័យ និងបន្តស្រាវជ្រាវជាមុនសិន៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *