រថយន្តវីហ្គូបើកលឿនពេក គេចម៉ូតូទៅបុកឃឿនឡើងពោបលើទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ៖ រថយន្តហាយឡាក់វីហ្គូមួយគ្រឿង ដែលធ្វើដំណើរដោយប្រុសស្រី៤ទៅ៥នាក់ជាមួយគ្នាក្នុងរថយន្ត បានបើកបរយ៉ាងលឿន ហើយក៏អក់សើគេចជាមួយម៉ូតូ ក៏ជ្រុលទៅបុកឃឿនឡើងពោបលើទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត តែមិនមានអ្នករងរបួសនោះទេ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវR5 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភព​ព័ត៌មាន​ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ​គេ​ឃើញ​រថយន្តបង្កម៉ាកហាយឡាក់វីហ្គូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2I -6919 ដែលធ្វើដំណើរដោយប្រុសស្រី៤ទៅ៥នាក់ជាមួយគ្នាក្នុងរថយន្ត និងបានបើកបរយ៉ាងលឿនតាមបណ្ដោយផ្លូវR5 ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏អក់សើគេចជាមួយម៉ូតូនៅខាងមុខដោយសារផ្លូវងងឹតផងនោះ ក៏ជ្រុលទៅបុកឃឿនឡើងពោបលើទ្រូងផ្លូវតែម្ដង បណ្ដាលឲ្យរថយន្តរងការខូចខាត តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយកើតហេតុ ភាគីខាងរថយន្តទាំងអស់បានចុះគេចខ្លួនបាត់ ។បន្ទាប់មក​កម្លាំង​នគរបាល​មូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *