រឿង​ទៀត​ហើយ​! មេតុងទីនវេចលុយរាប់លានរៀលរត់បាត់ នៅផ្សារព្រៃទា បន្សល់ទុកកូន៣០៥នាក់​ផ្អើល​ឆោឡោ​

ភ្នំពេញ ៖ កូនអ្នកលេងតុងទីនចំនួន៤នាក់ តំណាងឲ្យកូនតុងទីនសរុប៣០៥នាក់ បានកាន់រូបថតមេតុងទីន ទៅប្តឹងអាជ្ញាធរសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ។ បន្ទាប់ពីស្រ្តីម្នាក់ធ្វើជាមេតុងទីន ប្រមូលបានលុយរាប់លានរៀល ហើយរត់គេចខ្លួនបាត់ ៦ថ្ងៃ រកមុខមិនឃើញ នាំគ្នាទៅដាក់ពាក្យបណ្តឹង ឲ្យអាជ្ញាធរសង្កាត់ជួយអន្តរាគមន៍ ។

តាម​សម្ដី​ស្រ្តី៣នាក់ និងបុរសម្នាក់ មានវត្តមាននៅសាលាសង្កាត់ចោមចៅ៣ បានអះអាងថា ស្រ្តីមេតុងទីន គ្រាន់តែស្គាល់ឈ្មោះ ហេង ហេង ស្នាក់នៅ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ប្រភពដដែលបន្តទៀតថា ស្រ្តីខាងលើធ្វើជាមេតុងទីន ចំនួន២ក្បាល ក្នុងមួយក្បាល ២មុឺនរៀល ដោយក្បាលទី១ មានកូនអ្នកលេង១៥០ នាក់ ក្បាលទី២ មានកូនអ្នកលេង១៥៥នាក់ សរុបទាំង២ក្បាលចំនួន៣០៥នាក់ ហើយដេញប្រចាំថ្ងៃ ។

ការលេងតុងទីនខាងលើ ទើបតែលេងបាន៤ខែ ស្រាប់តែ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨កន្លងមកនេះ បែជាមេតុងទីនវេចលុយរត់គេចខ្លួនបាត់ ។

ក្រោយពីមេតុងទីនវេចលុយរាប់លានរៀល រត់គេចខ្លួនបាត់ បន្សល់ទុកកូនអ្នកលេងតុងទីនរងគ្រោះ ឆោឡោ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែមិថុនា នេះជនរងគ្រោះចំនួន៤នាក់ កាន់រូបថត ដែលអះអាងថាមេតុងទីន ទៅប្តឹងអាជ្ញាធរសង្កាត់ ឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវតាមស្វែងរកមេតុងទីខាងលើមកដោះស្រាយ ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *