ប្រើប្រាស់គ្រឿងញៀន គម្រាមសម្លាប់ប្រពន្ធកូន ក្នុងគ្រួសារ ត្រូវ​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន

ភ្នំពេញ ៖ ស្រ្តីម្នាក់អះអាងថាខ្លួនបានរងកម្ម ក្រោយពីបានប្តី អស់រយៈពេលរាប់ឆ្នាំ មិនដែលស្គាល់សេចក្តីសុខ សុភមង្គលក្នុងគ្រួសារ ថ្ងៃណាក៏ដូចថ្ងៃណា ប្តីតែងតែផឹក សុី ប្រើប្រាស់គ្រឿងញៀន នាំទាំងគ្នីគ្នា បក្ខពួក ប្រមូលផ្តុំមកជក់ ថ្នាំញៀនដល់ក្នុងផ្ទះ ទោះជាកន្លងមក​កម្លាំង​នគរបាល​ចាប់ខ្លួន មិនរាងចាល វិលមកវិញ អុកឡុកក្នុងគ្រួសារ គម្រាមសម្លាប់ វាយ ទាត់​ ប្រពន្ធកូនដដែល រហូតមកដល់វេលាម៉ោង៦ ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នេះទ្រាំលែងបាននូវទារុណកម្មផ្លូវចិត្ត រាងកាយ​ទើប​ប្ដឹង​កម្លាំង​នគរបាល​ចាប់ខ្លួន នៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ដើម្បីអនុវត្តន៍ ចំណាត់ការទៅតាមផ្លូវច្បាប់ ។

ស្រ្តីរងកម្មប្តីវាយ គម្រាមសម្លាប់ខាងលើមាន ឈ្មោះ ទិត្យ យឿន អាយុ៤៩ឆ្នាំ ស្នាក់នៅ ភូមិអង្គ ស្រុកកំណើតភូមិពណ្ណរាយ ឃុំ សំរោងលើ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ    ។ ចំណែកប្តីកំហូច ឈ្មោះ ផន ឈាង អាយុ៣៨ឆ្នាំ មុខរបរ ជក់គ្រឿងញៀនជារៀងរាល់ថ្ងៃ មានស្រុកកំណើត ភូមិបឹង ឃុំ ទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

តាមការយំរៀបរាប់ពីភាគីខាងប្រពន្ធ បានឲ្យដឹងថា គាត់ក្រោយពី ប្តីទី១ ជាមន្រ្តីយោធា បានពលី ក្នុងកាត្វកិច្ចការងាររួចមក បន្សល់ទុកកូនស្រី២នាក់ ហើយគាត់បានប្តីលើកទី២ ប៉ះចំបុរសខាងលើ មិនបានរៀបការធំដុំ បានត្រឹមតែសែនព្រេនបង្ក្រប់កិច្ច ចាស់ទុំសងខាងដឹងឮ ក៏ប៉ុន្តែ បានប្តីលើកទី២ ប៉ះចំប្តីចរឹកកាច សាហាវ ផឹកស្រា ប្រើប្រាស់គ្រឿងញៀន នាំបក្ខពួកចូលជក់ថ្នាំញៀនដល់ក្នុងផ្ទះ បង្កហឹង្សា វាយ ធ្វើបាបប្រពន្ធកូន សឹងរាល់ថ្ងៃ បង្កភ័យខ្លាច ក្នុងគ្រួសារ និងអ្នកជិតខាង ។

ស្រ្តីដដែលបាន​បន្តទៀតថា ប្ដី​របស់​នាង​គ្រាន់តែប្តឹង​នគរបាល​ឃាត់នាំទៅអប់រំចំចួន៣លើកមកហើយ រាប់ទាំងលើកនេះ ជាលើកទី៤ សកម្មភាព ទង្វើររបស់ប្តី មិនកែរចរឹក ក្រោយពីប្រមូលផ្តុំ បក្ខពួក មិត្តភ័ក្រ ចូលជក់គ្រឿងញៀនដល់ក្នុងផ្ទះ យកទាំងម៉ូតូមួយគ្រឿង ជាកម្មសិទ្ធរបស់កូនស្រីទៅលក់បាត់ ទោះជាប្រពន្ធកូន ហាមកុំឲ្យលក់ នៅតែលួចយកទៅលក់បាត់នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ ដើម្បី​បានលុយទិញថ្នាំញៀនជក់ ។

តាមសម្តីកូនស្រីឈ្មោះ ឆាយ ណារី អាយុ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ រស់នៅផ្ទះក្បែរខាង ដោយសារភាពភ័យខ្លាច ទង្វើររបស់ឪពុក ដែលជាកូនដើមខាងប្រពន្ធ បានឲ្យដឹងថា នាងរស់នៅសព្វថ្ងៃ ស្នាក់​នៅ​ផ្ទះញាតិក្បែរខាង ដោយសារឪពុក បង្កហឹង្សាក្នុងគ្រួសារ ប្រដាប់ដោយកាំបិត ពូថៅ ត្រៀមទុក គម្រាម វាយ ដំ ប្រពន្ធកូន សឹងរាល់ថ្ងៃយ៉ាងនេះ រហូតដល់ហ៊ានលួចយក ម៉ូតូមួយគ្រឿងម៉ាក លេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញមិនចាំអក្សរចាំតែលេខ 4082 សេរី២០១៨ មួយគ្រឿង យកទៅលក់បាត់ ដែលជាកម្មសិទ្ធផ្ទាល់ខ្លួនរបស់កូនដើម ។ នាងបន្តទៀតថា រាល់ទង្វើររបស់ឪពុកចុង បែបនេះ នាងមិនគោរពឡើយ សូមឲ្យច្បាប់ ចាត់វិធានការទៅចុះ កាលបើរស់នៅ ក្នុងគ្រួសារ មិនដែលស្គាល់សោះសេចក្តីសុខ ធ្វើឲ្យ ប្រពន្ធកូន ភ័យខ្លាច រត់ វិនាសព្រាត់ប្រាស់ ដោយសកម្មភាព ដៃដល់ គ្រឿងញៀន របស់ឪពុក ។

កូនស្រីខាងលើបានបញ្ជាក់ហើយថា នាងសុំប្តឹង ពាក់ព័ន្ធទៅនឹង ឪពុកចុងលួចយកម៉ូតូរបស់នាងទៅលក់យកលុយជក់ថ្នាំញៀន សុីចាយ ។

បុរសខាងលើ ក្រោយពីបង្កហឹង្សាក្នុងគ្រួសារ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យរួមជាមួយកម្លាំងប៉ុស្តិ៍ចោមចៅ៣ ចុះទៅបង្ក្រាប ចាប់ឃាត់ខ្លួនជាក់ស្តែង ដកហូតបានសម្ភារៈ កាំបិត ពូថៅ ឧបករណ៍ជក់ថ្នាំញៀន មួយចំនួនធំ រួចនាំទៅសាកសួរ នៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋាន បន្តទៅតាមនីតិវិធីច្បាប់ ៕​៩៨

Leave a Reply

Your email address will not be published. Required fields are marked *