បុរសពិការ គ ថ្លង់ បាត់ពីផ្ទះ១១ថ្ងៃ ឪពុកម្តាយដើរស្វែងរក

ភ្នំពេញ ៖ បុរសពិការ គ ថ្លង់ ម្នាក់ មិនដឹងថាអ្នកណានាំ ឬដំណើរដោយខ្លួនឯង ដើរចេញបាត់ពីផ្ទះ មិនដឹងមូលហេតុ បង្កឲ្យក្រុមគ្រួសារ ឪពុកម្តាយ ភ័យព្រួយបារម្មណ៍ ម្យ៉ាងបុរសខាងលើមានជម្ងឺផង អស់រយៈពេល១១ថ្ងៃ ចេញបាត់ពីស្រុក ឪពុកម្តាយ ដើរតាមស្វែងរក តាំងពីស្រុកកំណើតរហូតដល់ក្រុងភ្នំពេញ នៅមិនឃើញ មិនជួប មានតែទៅប្តឹងនគរបាលប៉ុស្តិ៍ សង្កាត់ឲ្យជួយប្រកាសស្វែងរក បន្តទៀតនៅព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

បុរសបាត់ខ្លួន មានឈ្មោះ ឆេង ងួន អាយុ៣២ឆ្នាំ ជាមនុស្ស ពិការ គ ថ្លង់ ហើយមានជម្ងឺប្រចាំកាយទៀត មានឪពុកឈ្មោះ ធី ញីម អាយុ៥៧ឆ្នាំ មុខរបរ កសិករ ម្តាយឈ្មោះ ទ្រី ញ៉ អាយុ៥៦ មុខរបត កសិករ មាន
បងប្អូនចំនួន៤នាក់ ប្រុស៣នាក់ ស្រី១នាក់ បុរសខាងលើជាកូនទី១ ដែលមានទីលំនៅភូមិស្ពឺកើត ឃុំ ស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។

តាមសម្តីស្រ្តីជាម្តាយបានឲ្យដឹងថា កូនប្រុសគាត់ ដែលបាត់ខ្លួន ជាមនុស្សគ ថ្លង់ ពីកំណើត ហើយមានជម្ងឺទៀត រស់នៅដោយមានការបីបាច់ ពីក្រុមគ្រួសារ មិនដែលទៅណាទេ ស្រាប់តែនៅវេលាម៉ោង៤ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ បាត់ពីផ្ទះមិនដឹងថា ទៅណា ពួកគាត់ ដើរតាមស្វែងរក អស់រយៈពេលច្រើនថ្ងៃទៅហើយ នៅតែមិនឃើញ បង្កឲ្យភ័យព្រួយបារម្មណ៍ ពីសុខភាព ម្យ៉ាងកំពុងមានជម្ងឺផង ដើរផ្តាំតាមអ្នករត់តាក់សុីផង ដើរស្វែងរកផង តាំងពីស្រុកកំណើត រហូតមកដល់ទីក្រុងភ្នំពេញ នៅតែមិនទាន់ឃើញនៅឡើយ មានតែកាន់រូវបថតកូនប្រុស ដើរប្តឹង ពឹងតាមប៉ុស្តិ៍នគរបាល ឲ្យជួយប្រកាស ស្វែងរកបន្ត ។

ស្រ្តីខាងលើបន្តទៀតថា បើតាមពត៌មានពីអ្នកភូមិ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនាកន្លងទៅនោះ គេឃើញ កូនប្រុសគាត់ ដើរឡើងជិះរថយន្ត មកទៅក្រុងភ្នំពេញ ទើបគាត់មិនអស់ចិត្ត មកទីក្រុងភ្នំពេញ ដើម្បីដើរតាមស្វែងរកកូនប្រុស ថ្វីកាលបើ គ្នាមានអាយុច្រើនបន្តិចមែន តែពាមនុស្សពិការ គ ថ្លង់ ហើយមានជម្ងឺទៀត ជាក្តីព្រួយបារម្មណ៍ពីក្រុមគ្រួសារ ។

ស្រ្តីជាម្តាយ ទទូចស្នើសុំ ដល់បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ច កាលបើប្រទះជួប បុរស គ ថ្លង់ ដូចភិនភាគខាងលើ មេត្តាជួយផ្តល់ពត៌មាន ដំណឹង ដល់នគរបាលប៉ុស្តិ៍ ចោមចៅ៣ផង ដូចជាធ្វើបុណ្យជាមួយពួកគាត់អិញ្ចឹង ៕98

Leave a Reply

Your email address will not be published. Required fields are marked *