ចេញពីជួយលក់ដូរឪពុកម្តាយ ចោរធាក់ផ្តួលម៉ូតូប្លន់យកទៅបាត់

ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​មក​ពី​ជួយ​លក់ដូរ​អីវ៉ាន់​ឪពុកម្តាយដល់​ពាក់កណ្ដាល​ផ្លូវត្រូវក្រុម​ចោរធាក់​ផ្តួលយក​ម៉ូតូ​បាន​ដោយ​សុវត្ថិភាព បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពី​វេ​ល​ម៉ោង​១០​និង​៥០​នាទី​យប់​ ថ្ងៃ ពុធ ១៥ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ ត្រង់ទល់មុខ​វត្ត​ព្រៃ​ស្ពឺ ​​ស្ថិត​នៅ​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាលខណ្ឌមានជ័យបានឲ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ ឆាន់ ឆា​រ៉ា​ន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស រស់នៅ​សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​ជន​សង្ស័យ​ប្លន់​យក​ទៅ​បាត់​នោះ​ម៉ាកហុងដា​ឌ្រី​មសេ១២៥ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១JE-៨១៨០ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​បានឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ត្រឡប់​មក​ពី​ជួយ​លក់​អីវ៉ាន់​ឪពុកម្តាយ នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ហើយ​បាន​ជិះ​ម៉ូតូ​​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​ណ្តោ​យ​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង។ លុះ​​មក​ដល់​ម្តុំ​វត្ត​ស្លែង នៅ​ខណ្ឌដង្កោ ជាកន្លែងស្ងាត់ ស្រាប់តែ​មាន​ជនសង្ស័យ​​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាកមួយគ្រឿង ​តាម​ពីក្រោយរូបគាត់​រហូត។ លុះ​មក​ដល់​មុខ​វត្ត​ព្រៃ​ស្ពឺ ជនសង្ស័យបាន​ជិះ​មកទន្ទឹម​នឹង​ម៉ូតូ​គាត់ ហើយអ្នកជិះពីក្រោយគេបាន​ធាក់ម៉ូតូ​គាត់​បណ្តាល​ឲ្យ​ដួល​ម៉ូតូ ហើយ​ជនសង្ស័យ​ម្នាក់​ចុះ​មក​លើក​ម៉ូតូ​របស់គាត់​​ជិះ​ចេញ​បាត់​តែម្តង​។

ជនរងគ្រោះបានឲ្យដឹងទៀត​ថា ពេល​ចោរប្លន់​ភ្លាម​ៗ គាត់​បាន​ទូរស័ព្ទ​ហៅ​ឪពុកម្តាយរបស់​គាត់​មកដល់ជូន​មក​ដាក់​ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅ២ ឲ្យជួយធ្វើ​អន្តរា​គមន៍និងស្រាវជ្រាវចាប់ក្រុមជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់ ៕អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *