​យុវជន​ម្នាក់ត្រូវ​នគរបាល​ខណ្ឌ​ដង្កោ​ចាប់​បញ្ជូន​ទៅ​​​តុលាការ​ ពី​បទ​ក្លែង​ក្រដាស​ពន្ធ​ និង​ឯកសារ​សាធារណៈ​ជា​ច្រើន​ទៀត​

 

 

ភ្នំពេញ​៖​ យុវជន​ម្នាក់​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ​ បញ្ជូន​ទៅ​តុលាការ​ ខណៈ​ដែល​រក​ឃើញ​ឯក​សារ​ក្លែង​បន្លំ​។ហេតុការណ៍​បញ្ជូន​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ករណី​ក្រដាស​ពន្ធ​ និង​ឯកសារ​សាធារណៈ​ជា​ច្រើន​ទៀត​ ។​ បច្ចុប្បន្ន​យុវជន​រូប​នេះ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​តុលាការ​ ។

គួរ​រំលឹក​ថា​  កាលពីថ្ងៃទី២៣​ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១៧និង២០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដល់​ចំណុច​ដីឡូតិ៍ លោក ម៉ៅ សុផល ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ បាន​ឃើញ​យុវជន​ម្នាក់​ឈ្មោះ ហ៊ត ចិន អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ ផ្នែកសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ ជាតិ​គ្រប់​គ្រង  ជិះ​ម៉ូតូ ម៉ាក ហុងដាឌ្រីម​សង់ សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាក​លេខ ភ្នំពេញ1FB-7917 ដោយ​មាន​ការ​សង្ស័យ សមត្ថកិច្ចបានហៅ​ឲ្យ​ឈប់ធ្វើការត្រួតពិនិត្យ រកឃើញវត្ថុតាងមួយ​​ចំនួន រួមមាន ទី១​ ប័ណ្ណបើកបរចំនួន២០ច្បាប់ ទី២​ប័ណ្ណ ត្រួតពិនិត្យបច្ចេកទេសរថយន្ត (ឈៀក) ចំនួន១ច្បាប់ ទី៣​ ពន្ធនាំរថយន្តចូល (ម្ញ៉ែត) ចំនួន ១៣ច្បាប់ ទី៤​ ប័ណ្ណ​សម្គាល់​យាន​យន្ត (កាតគ្រី) ចំនួន៦ច្បាប់ ទី៥​ ប័ណ្ណបង់ពន្ធមធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) ចំនួន ១៥ច្បាប់ ទី៦​កាបូបស្ពាយពណ៌ខ្មៅចំនួន១​ ទី៧​ ទូរស័ព្ទដៃ ម៉ាក សាំសុង ពណ៌ទឹកប្រាក់ ចំនួនមួយ​ គ្រឿង ទី៨​ កាបូបលុយ ពណ៌សូកូឡា ចំនួន១ ទី៩​ លុយខ្មែរ ចំនួន ៥០០០០រៀល ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងទាំងអស់ យកមកធ្វើការសាក​សួរ​នៅ​អធិ​ការ​ដ្ឋាននគរបាលខណ្ឌដង្កោ ។

ក្រោយការសាកសួរជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចស្គាល់អំពីទីតាំង ផលិត​ឯក​សារ​ក្លែងក្លាយទាំងអស់ នៅចំណុចផ្ទះលេខ៧១អា ផ្លូវលេខ០៩ ក្នុងបុរី ពិភពថ្មី ភូមិប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១​៦ សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​ដល់ទីតាំងផលិត ដោយបង្កើតគណៈកម្មការ​ចម្រុះ​ដឹកនាំដោយលោក ចែ សុង ព្រះរាជ​អាជ្ញារង​នៃ​អយ្យ​ការអមសាលាដំបូងរាជធានីភ្នំពេញ បានចូលឆែកឆេរ ដក​ហូត​បាន​វត្ថុ​តាង​ជា​ច្រើនទៀត ដូចជា ទី០១-ម៉ាស៊ីនសង្កត់ត្រា ពណ៌ខៀវ ​ចំនួន ០១គ្រឿង ទី០២-ម៉ាស៊ីនម៉ាក Mimaki ពណ៌ស ចំនួន ០១គ្រឿងទី០៣-ឯកសារមួយចំនួន ទី០៤-ម៉ាស៊ីនព្រីនHpពណ៌ខ្មៅ ចំនួន ០១គ្រឿង ទី​០៥-ខ្សែប្រព័ន្ធភ្លើងមួយចំនួន ទី០៦-កង្ហា ចំនួន ០១ គ្រឿង ទី០៧-ម៉ាស៊ីនអ៊ុតកាត ពណ៌​សលាយ​ខ្មៅ ចំនួន ០១គ្រឿង ទី០៨-CPU កុំព្យូទ័រ ពណ៌ខ្មៅ ចំនួន ០២ ទី០៩-ម៉ាស៊ីនព្រីន ពណ៌ខ្មៅ ចំនួន ០១គ្រឿង ទី១០-ម៉ាស៊ីនសង្កត់ត្រាជាប់ឈើ ចំនួន ០១គ្រឿង ទី១១-កន្ត្រៃកាត់ ចំនួន ០១គ្រឿង ទី​១២​-​កេះឯកសារ ពណ៌ខៀវ ចំនួន ០៣ ទី១៣-តុ ចំនួន០៣ ទី១៤-ម៉ាស៊ីនព្រីនកាត ចំនួន ០១គ្រឿង ទី​១៥-ត្រា និងពុម្ភត្រាមួយចំនួន យកមកកាន់អធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បី​ចាត់​ការ​តាម​នីតិវិធី ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ហ៊ត ចិន បានសារភាពថា រូបគេពិតជាបានលួច​ផលិត និងក្លែងឯកសារ សាធារណៈ ក្លែងត្រា ប្រើប្រាស់​ឯក​សារ​ក្លែង​ក្លាយប្រាកដមែន ​ ។ ហើយ​ការ​ដែល​ខ្លួន ចេះធ្វើឯកសារ ក្លែងក្លាយនេះ គឺខ្លួនបានទៅរៀននៅប្រទេសវៀតណាម ពេលរៀនចេះក៏បាន កុម្ម៉ង់​ទិញម៉ាស៊ីនផលិតពីប្រទេសវៀតណាម ក្នុងតម្លៃប្រហែលជាង ១ម៉ឺនដុល្លារអាមេរិក រួច​សំភារៈ​ផ្សេងៗ​​ទៀតដូចជា កុំព្យូទ័រ ម៉ាស៊ីនព្រីន និងសំភារៈផ្សេងទៀត ទិញនៅស្រុកខ្មែរ លើក​លែង​តែ​សំភារៈ​សម្រាប់​ផលិត ( ជ័រ កាវ ទឹកថ្នាំ ) ទិញមកពីប្រទេសវៀតណាម ដែលខ្លួនជាអ្នកទៅទិញផ្ទាល់ ។ ចំណែកការធ្វើប័ណ្ណផ្សេងៗ ទៅតាមម៉ូយកុម្មង់អោយធ្វើ ដោយគេបានយកឯកសារ ពាក់ព័ន្ធ​ដែល​ត្រូវ​ធ្វើ​ ទើបខ្លួនធ្វើទៅតាមឈ្មោះ និងទីលំនៅរបស់គេ ។ ពេលធ្វើបានហើយ ខ្លួនជាអ្នកយកទៅអោយ​ម៉ូយ​ដោយ​ផ្ទាល់ ចំនួន ០៤នាក់ រួចមកហើយ ដោយក្នុង ១ថ្ងៃៗ បានលុយចាប់ពី ១០០០ដុល្លារ ទៅ ២៥០០​ដុល្លារ ម៉ូយទាំង០៤នាក់ខាងលើ គេបានកុម្ម៉ង់យកជាប្រចាំរាល់ថ្ងៃ ។ ហើយក្នុងតម្លៃ ខ្លួន​បាន​លក់​ប័ណ្ណអោយម៉ូយ គឺពន្ធលើទំនិញនាំចូល ( ម្ញ៉ែតគយ ) ពីរថយន្តស៊េរីទាប រហូត​ដល់ស៊េរី​ខ្ពស់​លក់​តម្លៃ ៥ដុល្លារ ប័ណ្ណបើកបរយានយន្ត លក់តម្លៃ ៦០ដុល្លារ ប័ណ្ណសំគាល់យានយន្តម៉ូតូ ៥​០ដុល្លារ  រថយន្ត​តម្លៃ ៨០ដុល្លារ និងប័ណ្ណបង់ពន្ធមធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) ប័ណ្ណពន្ធ ៨០០០០ រៀល ជាដើម ។

ជនសង្ស័យឆ្លើយសារភាពបន្តឲ្យដឹងថា រូបគេបានមកជួលផ្ទះលេខ៧១អា ផ្លូវលេខ០៩ ក្នុងបុរី ពិភពថ្មី ភូមិប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ សម្រាប់ស្នាក់នៅ រៀនសូត្រ និងផលិត ឯកសារទាំងអស់ ទើប​តែ​បាន​​រយៈ​ពេល​ប្រហែល ៧ខែប៉ុណ្ណោះ ៕​សិរសា​

 

Leave a Reply

Your email address will not be published. Required fields are marked *