គ្រូបង្រៀន​សាលា​បឹង​កេង​កង​ម្នាក់​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​យក​ជីវិត​បាត់​បន្សល់​ទុក​កូន​ប្រពន្ធ​យំ​សោក​

ភ្នំពេញ​៖​គ្រូបង្រៀន​សាលា​បឹង​កេង​កង​ម្នាក់​ចេញ​ពី​សាលា​ទៅ​ផ្ទះ​ជួល​ដើម្បី​ត​ចរន្ត​អគ្គិសនី​តាម​បន្ទប់​ ប៉ុន្តែ​សំណាង​អាក្រក់​ត្រូវ​អគ្គិសនី​ឆក់​យក​ជីវិត​បាត់​បន្សល់​ទុក​កូន​ប្រពន្ធ​យំ​សោក​បោក​ខ្លួន​ស្ដាយ​ស្រណោះ​មិន​អស់​អាល័យ​បន្តិច​ណា​សោះ​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី០៩​ខែ​កក្កដា​ឆ្នាំ​ ២០១៨ វេលាម៉ោង១៥ម៉៣០នាទី​រសៀល​ស្ថិត​ចំណុច​ផ្ទះលេខ A៦ ផ្លូវខាងសារិន ក្រុមទី៧ ភូមិ បឹងសាឡាងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

សាកសព​ជនរងគ្រោះឈ្មោះស៊ូ​ សុធា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤២ ផ្លូវលេខសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកមុខរបរគ្រូបង្រៀនសាលាបឹងកេងកង។

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុនពេលកើតហេតុ​គេ​ឃើញ​ជនរងគ្រោះបានមករៀបចំប្រព័ន្ធទឹកផ្ទះជួល​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ទី​តាំង​កើតហេតុ​ ខាង​លើ​ដើម្បី​ដាក់​ម៉ូទ័របូមទឹកបន្ថែមឡើងទៅជាន់ទី១និងទី២ ខណៈ​នោះ​ជន​រងគ្រោះ​តខ្សែភ្លើងខុសបច្ចេកទេស​ទើប​បណ្តាលអោយឆក់ស្លាប់​តែម្តងទៅ។

ក្រោយកើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ចុះ​មក​កន្លែង​កើតហេតុ​ដើម្បី​ធ្វើ​កោសល្យវិច័យ​។

តាមប្រភព​ព័ត៌មាន​ពី​នគរ​បាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​បាន​ប្រាប់​អោយ​ដឹង​ថា​ សាកសព​ជនរងគ្រោះ​ពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន ។

បច្ចុប្បន្ន​នេះ​សាក​សព​ជន​រងគ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ប្រគល់ជូនក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យតាមប្រពៃណីខ្មែរនៅ​ឯស្រុកកំណើត៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *