ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២នាក់​ត្រូវ​កម្លាំង​នគរបាល​ឃាត់​ខ្លួន​

ភ្នំពេញៈ ជនសង្ស័យ២នាក់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបបានសម្រេចហើយ ម្ចាស់ជិះម៉ូតូដេញតាមរហូតដល់ផ្លូវទាល់ ទៅមុខលែងរួច អស់ជម្រើសផ្តួលម៉ូតូចុះរត់ ចាប់​បានម្នាក់ គេចខ្លួនបាត់ម្នាក់។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

​ជនសង្ស័យម្នាក់ចាប់ខ្លួនបានមាន​ឈ្មោះ​ ញ៉ែម​ បុរី​ ភេទប្រុស អាយុ​២៦ឆ្នាំ ​មុខរបរមិនពិតប្រាកដ​ ស្រុកកំណើតនៅភូមិអង្ក្រង ​ឃុំ​អង្គពពេល​ ស្រុកគងពិសី​ ខេត្តកំពុងស្ពឺ​ រីឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។ ​ ជនសង្ស័យទាំង២នាក់ជិះធ្វើសកម្មភាព ម៉ាក​ Duke ពណ៌ខ្មៅពាក់​ស្លាកលេខ​ ភ្នំពេញ​1FL-1777​ ។ ចំណែកជនរងគ្រោះឈ្មោះ​​ រិទ្ធ​ ចាន់ណារី ភេទស្រី អាយុ​៣៩ឆ្នាំ មុខ​របរ​ កម្មករ​រោងចក្រ​ ស្នាក់ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែនជ័យ ​ ​មាន​ស្រុក​ភូមិ​ជម្ពូវ័ន ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ និងប្តីឈ្មោះ​ ឃុត​ បូរ៉ាវី អាយុ​៣៩ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ មានស្រុក​កំណើត ភូមិពងទឹក​ សង្កាត់​ពងទឹក​ ខណ្ឌ​ដង្កោ​ ​។ ដោយឡែកកាបូបដែលជនសង្ស័យឆក់បាន ពណ៌ក្រហម មានទូរស័ព្ទដៃមួយគ្រឿង និងលុយមួយចំនួនទៀត ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុខ្លួន​ជិះម៉ូតូចេញពីធ្វើការរោងចក្រ បំណងទៅផ្សារសិន មុនចូលផ្ទះ ដោយជិះតាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ ជិះម៉ូតូDuke គ្នា២នាក់ តាមពីក្រោយ​ធ្វើ​សកម្មភាព​ឆក់យកកាបូបពីដៃ ប្រពន្ធ បានសម្រេចហើយ ព្យាយាមបើកម៉ូតូរត់គេចសរសៀរតាម របងបន្ទាយបញ្ជាការដ្ឋាន សំដៅឡើងឆ្ពោះទៅខាង ផ្លូវជាតិលេខ៤ ក៏ប៉ុន្តែ ផ្លូវលំខាងក្រោយតំបន់នោះ ស្មុគស្មាញ កាច់កុង បត់បែនច្រើន ធ្វើឲ្យជនសង្ស័យ ដែលមិនស្គាល់ភូមិសាស្រ្ត បើករត់ទៅដល់ផ្លូវទាល់ ទៅមុខលែងរួច​ ជម្រើសចុងក្រោយ មានតែផ្តួលម៉ូតូ ចុះរត់ តែត្រូវបានជនរងគ្រោះ ជំនាញខាងបើកម៉ូតូដែរ តាមទាន់ ស្រែកផ្អើលពលរដ្ឋ ដេញចាប់បាន​ម្នាក់​ប្រគល់​ទៅ​កម្លាំង​នគរបាល​ប៉ុស្តិ៍ចោមចៅ​ រីឯ​បក្ខពួក​ម្នាក់ទៀត​រត់គេចខ្លួនបាត់ស្រមោល​។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យម្នាក់ រួមជាមួយម៉ូតូមួយគ្រឿង​ត្រូវ​កម្លាំង​នគរបាល​នាំខ្លួនទៅប៉ុស្តិ៍ចោមចៅ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី ចំណែកសម្ភារៈ កាបូបដែលជនសង្ស័យឆក់​នោះ​ត្រូវ​បាន​បានប្រគល់ជូនជនរងគ្រោះវិញ ៕​៩៨

Leave a Reply

Your email address will not be published. Required fields are marked *