នគរបាលឃាត់ខ្លួន​យុវជន៤នាក់ យក​គ្រាប់បែក​ចូលក្នុង​ការិយាល័យ​បោះឆ្នោត

ខេត្តព្រះវិហារ៖   យុវជន៤នាក់ បាន​យក​គ្រាប់បែកដៃ​មួយគ្រា​ប់​ចូលក្នុង​ការិយាល័យ​បោះឆ្នោត​លេខ០៣១៧ ស្ថិតនៅក្នុង​សាលារៀន​ចំរើនផល​ ហើយត្រូវបាន​កម្លាំង​សន្តិសុខ​ការពារ​នៅ​ទីនោះ ឃាត់ខ្លួន រួច​បញ្ជូន​ទៅកាន់​នគ​របាល​ប៉ុស្តិ៍​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

ការឃាត់ខ្លួនយុវជនទាំង៤នាក់នេះធ្វើឡើង នៅ​ម៉ោង៧យប់ ថ្ងៃ សុក្រ ១៥ កើត ខែ ទុតិយាសាឍ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នៅក្នុងសាលារៀនចំរើនផល   ភូមិ​ចំរើន​ផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ។

នគរបាលស្រុកត្បែងមានជ័យបានឲ្យដឹងថា យុវជន​ទាំង៤ដែលត្រូវឃាត់ខ្លួននោះ ទី១ ឈ្មោះ យូ វ៉ាន់​លុច ភេទ​ប្រុស អាយុ២២ឆ្នាំ ២ឈ្មោះ រួម ហុច ភេទ​ប្រុស អាយុ២៤ឆ្នាំ ៣ ឈ្មោះ សំ វិត​សុ​ផា ភេទ​ប្រុស អាយុ២៤ឆ្នាំ ៤ ឈ្មោះ ជន យ៉ា​រិត ភេទ​ប្រុស អាយុ១៧ឆ្នាំ អ្នក​ទាំង៤មាន​ទីលំនៅ​ភូមិ​ចំរើន​ផល​ជាមួយគ្នា ។

ក្រៅពីឃាត់ខ្លួន ​សមត្ថកិច្ច បាន​ដកហូត​គ្រាប់បែកដៃ​ក្រឡា​ទៀប​ផលិត​នៅ​សហភាពសូវៀត១គ្រាប់ និង​ម៉ូតូ២គ្រឿង។ ជុំវិញ​ករណីនេះ សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់​ពី​គោលបំណង​នៃ​ការនាំយក​គ្រាប់បែក​ចូលក្នុង​ការិយាល័យ​បោះឆ្នោត​របស់​យុវជន​ទាំង៤នោះ​នៅឡើយ​ទេ ដោយ​កំពុងសាកសួរ​ស្រាវជ្រាវ​ងាយស្រួលកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *