ជនឆបោកម៉ូតូគេចខ្លួនបានជិត២ខែត្រូវម្ចាស់ប្រទះ​ឃើញចាប់ខ្លួនប្រគល់ឲ្យនគរបាល

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆបោកម៉ូតូ១គ្រឿងពីបុរសម្នាក់បន្ទាប់មកបានគេចខ្លួនបាត់ ហើយខណៈនោះម្ចាស់បាន តាមរកគ្រប់ទីកន្លែង ប៉ុន្តែសូម្បីតែស្រមោលក៏មិនឃើញផង។លុះរយៈពេលជិត២ខែក្រោយមកទីបំផុតគឺនៅវេលម៉ោង៨និង២០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្រាប់តែប្រទះឃើញជននោះនៅម្ដុំរោងចក្រកាត់ដេរសាន់ស្កាយ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យក៏បានដេញតាមចាប់ខ្លួនរួចប្រគល់ជូននគរបាលសួរនាំនិងចាត់ការតាមច្បាប់តែម្ដង។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះស៊ាន ភារម្យ អាយុ៣៤ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍ក្នុងភូមិដូនវាល ឃុំឃុំក្ដឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែងនិងស្នាក់នៅ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខព្រៃវែង1H-4305ជាកម្នសិទ្ធិរបស់បុរសម្នាក់ឈ្មោះប៉ុន រ៉ានី ២៧ឆ្នាំ មុខរត់ឌុបស្នាក់នៅជិតវត្តតាំងកសាង ភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត័មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យបានធ្វើសកម្មភាពឆបោកយកម៉ូតូពីជនរងគ្រោះដោយប្រើ​ល្បិចថា ខ្ចីម៉ូតូជិះទៅដឹកប្រពន្ធមួយភ្លែតរួចក៏ជិះយកទៅបាត់រហូតតែម្ដង។ពេលនោះជនរងគ្រោះបានខលរកតែជនសង្ស័យបានបិទទូរស័ព្ទខលមិនចូលឡើយ បន្ទាប់មកបានដើរកគ្រប់ទីកន្លែង​ ប៉ុន្តែមិនឃើញឡើយ។លុះមកដល់វេលាព្រឹកថ្ងៃទី៨ ខែសីហា ទើបប្រទះឃើញជននេះនៅម្ដុំរោងចក្រកាត់ដេរសាន់ស្កាយ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ក៏ដេញតាមចាប់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣ចាត់ការតាមច្បាប់តែម្ដង៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *