ភ្នំពេញះ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នេះលោកអនុសេនីយ៍ឯក ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានដឹងនាំកូនចៅចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាន២កន្លែង ដោយឃាត់ខ្លួនជនសង្ស័យ១០នាក់ ស្រី២នាក់ ដកហូតថ្នាំញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួន នៅចំណុចភូមិឃ្មួញ និងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ជនសង្ស័យទាំង១០នាក់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ពីព្រោះសមត្ថកិច្ចកំពុងធ្វើការសាកសួរ។
លោកអនុសេនីយ៍ឯក ញាណ នន នាយប៉ុស្តិ៍បានប្រាប់ថា កាលពីម៉ោងប្រហែល១និង៣០នាទីទៀបភ្លឺថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នេះ ខណ:កម្លាំងនគរបាលប៉ុស្តិ៍ធ្វើការល្បាតក្នុងមូលដ្ឋាន ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវបេតុងចូលមណ្ឌលឱកាសខ្ញុំភូមិសំរោង។ ក្រោយយកមកធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនទើបមកពីប្រើប្រាស់គ្រឿងញៀន ដោយទិញនិងជក់នៅទីតាំងភូមិឃ្មួញ។
បន្ទាប់ពីបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកក៏សុំយោបលពីលោកវរសេនីយ៍ឯក ម៉ក ហុង អធិការខណ្ឌ ក៏ឲ្យធ្វើការចុះបង្ក្រាប២ទីតាំងទៀត ទីតាំងទី១ ឃាត់ខ្លួនបាន៤នាក់ ស្រី២ និងដកហូតសម្ភារ:ប្រើប្រាស់មួយចំនួន និងទីតាំងទី២ នៅភូមិសំរោងជាកន្លែងជួញដូរ ឃាត់ខ្លួន៥នាក់ទៀត ដកហូតថ្នាំញៀន១កញ្ចប់ធំ សម្ភារ:ប្រើប្រាស់មួយចំនួន និងម៉ូតូហុងដា ស៊េរី២០១៦មួយគ្រឿង និងម៉ូតូ DUK ពណ៌ខ្មៅលាយសមួយមួយគ្រឿង ៕ អូន ធួក
