ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តទាំងស្រវឹង ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ នៅវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងនិងផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តកាមរីហាយព្រឺក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-4632 ដែលបើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រាជាខ្លាំង បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្ម(ក្បាលនាគ)បាក់អស់១កង់ រីឯរថយន្តបង្កវិញ បានដាច់កាឡែកង់មុខ និងកាងផ្នែកខាងឆ្វេងយ៉ាងដំណំ ដោយរថយន្តមិនអាចបន្តទៅមុខបាន តែសំណាងល្អមិនបង្កឲ្យមនុស្សរងរបួស ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កបានទុករថយន្តចោល ហើយជិះម៉ូតូឌុបគេចខ្លួនបាត់ស្រមោល ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *