គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុចុះរុះរើជម្រកអនាធិបតេយ្យនៅតំបន់ក្បាលឆាយ

ខេត្តព្រះសីហនុៈ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានប្រើប្រាស់​កម្លាំង​ចម្រុះសរុបចំនួន ៨៣នាក់ ដឹកនាំដោយ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តចុះរុះរើទីតាំងជម្រក​ប្រក់តង់ អនាធិបតេយ្យមួយកន្លែង ដែលជនខិលខូចឆ្លៀតឱកាសលួចសង់ខ្ទម ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃ ព្រហស្បតិ៍ ១៣ រោច ខែ ទុតិយា​សាឍ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នៅចំណុចដីតំបន់​ក្បាលឆាយ (អូរអារ៉េវ) ស្ថិតក្នុងភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចចម្រុះបានឲ្យដឹងថា នៅពេលចុះប្រតិបត្តិការនោះក្រុមការងារពិនិត្យឃើញមានមានប្រជាពលរដ្ឋប្រហែលចំនួន៤០នាក់ ដែលមានឈ្មោះ ខ្លេង ស៊ុនថន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរយោធា អង្គភាពអគ្គបញ្ជាការ (ហ្វឹកហ្វឺន) មានទីលំនៅភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ជាមេខ្លោង បំបះបំបោរឲ្យប្រជាពលរដ្ឋសាងជម្រកយ៉ាងអនាធិបតេយ្យនៅទីនោះ។

ភ្លាមនោះលោក ស្រ៊ុន ស្រន់ អភិបាលរងខេត្តបានណែនាំឲ្យឈ្មោះ ខ្លេង ស៊ុនថេង រុះរើជម្រក​បោះតង់ចេញដោយខ្លួនឯង បើពុំដូច្នោះទេ ក្រុមការងារនឹងរុះរើមិនទទួលខុសត្រូវការ​ខូចខាត​ទ្រព្យសម្បត្តិឡើយ។ មេការឈ្មោះ ខ្លេង ស៊ុនថេង បែរជាក្រអើតក្រទមលើកទូរស័ព្ទ​រាយ​ការណ៍ទៅថ្នាក់លើរបស់ខ្លួន ហើយឆ្លើយប្រាប់លោកអភិបាលរងខេត្តថា មេរបស់គេ មិនព្រម​ឲ្យរុះរើទេ ។

ក្រោយពីមានភាពរឹងទទឹងបែបនេះកម្លាំងចម្រុះសម្រេចរុះរើជម្រកនេះតែម្តងគឺមាន ជម្រកបោះតង់ចំនួន១២ជម្រក , គោយន្តចំនួន១២គ្រឿង, រថយន្តកូរ៉េ (ទម្ងន់១០តោន) ចំនួន០២គ្រឿង, ម៉ាសុីនកាត់ឈើចំនទន០២គ្រឿង ព្រមទាំងហៅឈ្មោះ ខ្លេង ស៊ុនថេង ទៅសាកសួរបន្តនីតិវិធីនៅមន្ទីរបរិស្ថានខេត្តព្រះសីហនុផងដែរ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *