ស្នេហាត្រីកោណ យកទឹកអាស៊ីដដោះស្រាយបញ្ហា របួស២នាក់

ភ្នំពេញ ៖មាន​ករណី​ហិង្សា​មួយ ដោយ​នារី​ម្នាក់​បាន​ជះ​ទឹក​អាស៊ីត ទៅលើ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​បណ្ដាល​ឲ្យ​រងរបួស នៅ​ល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នេះ ត្រង់ចំណុច​ក្រុមទី៣ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ

សាក្សីឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​ឈ្មោះ ប៉ាច ចាន់​សេរីរដ្ឋ ភេទ​ស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ អាសយដ្ឋាន​ស្នាក់នៅ​ផ្ទះជួល  ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដែល​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជនរងគ្រោះ ឈ្មោះ គា សំណាង ភេទ​ប្រុស អាយុ២២ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ផ្ទះជួល ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។តែ​ក្រោយមក ជនរងគ្រោះ គា សំណាង បាន​ទៅ​ភ្ជាប់ពាក្យ​ជាមួយ​នារី​ម្នាក់ទៀត ដែលជា​ជនរងគ្រោះ​ដែរនោះ​មានឈ្មោះ សាន សុខា ភេទ​ស្រី អាយុ១៨ឆ្នាំ ជា​សិស្សសាលា​វិចិត្រសិល្បៈ  មាន​ទីលំនៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

នៅ​ថ្ងៃខែ​កើតហេតុ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូឌុប ចេញពី​ផ្ទះជួល ក្នុង​គោលបំណង​ទៅ​ជួប​ជនរងគ្រោះ គា សំណាង នៅ​ខណ្ឌ​ព្រែក​ព្នៅ លុះ​ពេលមកដល់​ជនសង្ស័យ​បាន​ជួប​ជាមួយ​ជនរងគ្រោះ គា សំណាង និង​សាន សុខា ដូច​បំណង។ពេលនោះនារី​ជា​ជនសង្ស័យ បាន​ឲ្យ​ជនរងគ្រោះ​ទាំងពីរ ជិះ​ម៉ូតូ ឌុប​ជូន​នាង​ទៅផ្ទះ​ជួល​វិញ។ លុះដល់​ចំណុចកើតហេតុ ជនសង្ស័យ​បាន​ដក​ដប​ទឹក​អាស៊ីត ពី​កាបូបស្ពាយ ហើយ​ជះ​ទៅលើ​ជនរងគ្រោះ ទាំងពីរ​បណ្ដាល​ឲ្យ​របួសធ្ងន់ ដោយ​ជនរងគ្រោះ គា សំណាង របួស​ថ្ងាស ទ្រូង និង​ដៃ​ខាងឆ្វេង រីឯ​ជនរងគ្រោះ សាន សុខា រងរបួស​ពេញ​ផ្ទៃមុខ និង​ទ្រូង បន្ទាប់មក​ជនរងគ្រោះ​ទាំងពីរ​ត្រូវបាន​ដឹកបញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ ព្រះ​កុស​មៈ ដើម្បី​ធ្វើការ​ព្យាបាល។

ឯជនសង្ស័យត្រូវនគរបាលប៉ុស្ដិ៍​ភ្នំពេញ​ថ្មី ​ឃាត់ខ្លួន​យកមក​សាកសួរ​នៅ អធិការដ្ឋាន នគរបាល​ខណ្ឌ សែន​សុខ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​និតិវិធី ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *