ជិះម៉ូតូ​ទៅ​ប្តូរប្រេងម៉ាសុីន វិល​មក​វិញ​ស្លាប់​យ៉ាង​អាណោចអាធ័ម​

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់យ៉ាងអាណោចអធ័ម បន្ទាប់ពីជិះម៉ូតូវិលមកពីប្តូរប្រេងម៉ាសុីនវិញ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុកស្លាប់តាមផ្លូវ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ យឹង សុវណ្ណារាជ ភេទប្រុស អាយុ២៥ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-2736 ជាមធ្យោបាយ ។

តាមប្រភពព័តមាន​ពី​កន្លែង​កើតហេតុ ប្រាប់ឲ្យដឹងផ្សេងគ្នា ដោយពុំមានអ្នកណាបានឃើញហេតុការណ៍ឡើយ អ្នកខ្លះថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូពីលិចទៅកើត ដល់ចំណុចខាងលើ ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកបុកពីក្រោយ បណ្តាលឲ្យជនរងគ្រោះ បាក់កស្លាប់ភ្លាមៗនៅកន្លែង ម៉ូតូខ្ទេចមួយកំណាត់ក្រោយ ។ ហើយមានពលរដ្ឋខ្លះ ឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ គេឃើញជិះម៉ូតូ ចេញពីកន្លែងប្តូរប្រេងម៉ាសុីន ហើយចូលកន្លែងផឹកសុី ជនរងគ្រោះផឹកអស់មួយកំប៉ុងហើយ ជិះម៉ូតូវិលទៅផ្ទះ ដោយធ្វើដំណើរពីលិចទៅកើតល្បឿនលឿន ដល់ចំណុចផ្លូវកោង យកចង្កូតមិនទាន់ ដួលខ្លួនឯង ហើយត្រូវបានរថយន្ត មិនស្គាល់ម៉ាក បើកច្រាសទិស បើកមកបុកបន្ថែម បណ្តាលឲ្យស្លាប់ និងខ្ទេចម៉ូតូ មួយកំណាត់ក្រោយ ។

តែបើតាមក្រុមគ្រួសារវិញ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ក្រោយត្រឡប់មកពីកាត់សក់វិញ ចូលផ្ទះម្តងហើយ សុំលុយប្រពន្ធជិះម៉ូតូ ទៅប្តូរប្រេងម៉ាសុីន លុះពេលដែលវិលត្រឡប់មកផ្ទះវិញ ជួបហេតុការណ៍នេះតែម្តង ។

តែទោះជាយ៉ាងណាក្តី នៅកន្លែងកើតហេតុ ពុំមានអ្នកណាម្នាក់បានឃើញហេតុការណ៍ឡើត ហើយការលើកឡើងផ្សេងៗគ្នា គ្រាន់តែជាការសន្និដ្ឋាន ។

ក្រោយកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ទាមទារដាច់ខាតដឹកយកទៅផ្ទះខាងប្រពន្ធ នៅភូមិខ្ចៅ សង្កាត់បឹងធំ ក្បែរនោះ ខណៈដែលមេឃរកកល់នឹងភ្លៀង ទោះជាសមត្ថកិច្ចជំនាញខណ្ឌ ទៅមិនទាន់ដល់ មិនទាន់បានពិនិត្យក៏ដោយ បង្ខំយកទៅផ្ទះសិន បនេញ៉ាប់រៀបចំធ្វើបុណ្យ ។ ករណីខាងលើ ទោះជាសាច់ញាតិជនរងគ្រោះ ដឹកសព និងយកម៉ូតូទៅផ្ទះបាត់មុនប៉ូលីសជំនាញខណ្ឌទៅដល់ក៏ដោយ សូម្បីប៉ូលីសប៉ុស្តិ៍ឃាត់ក៏មុនឈ្នះដែរ សមត្ថកិច្ចនីបន្ត ចុះទៅពិនិត្យ និងបន្តស្រាវជ្រាវ ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *