ចាប់វាយខ្នោះថៅកែកាប់ជ្រូក ដែលនាំបក្សពួកមកភ្ជង់សមត្ថកិច្ចរំដោះរថយន្ត570ស្លាកលេខរដ្ឋ បុកបង្គោលភ្លើងកាលពីយប់ម៉ិញ

ភ្នំពេញៈ ជនសង្ស័យ២នាក់ ក្នុងនោះម្នាក់ជាថៅកែកាប់ជ្រូក  ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាមួយរថយន្ត២គ្រឿង កាំភ្លើង១ដើម បញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ 

ប្រតិបត្តិការចុះឆែកឆេរ និងចាប់ខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះល្វែង ក្នុងភូមិ(ខ)១ ក្រុម១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ដឹកនាំដោយ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ។ 

មុនឈានកិច្ចប្រតិបត្តិការណ៍នេះឡើង គឺដោយសារអ្នកបើកបររថយន្តបង្កហេតុ570 បានបុកបង្គោលភ្លើងកាលពីយប់ម៉ិញ មិនព្រមទទួលខុសត្រូវ ហើយថែមទាំងហៅបក្សពួកជិះឡាន Corolla ដកកាំភ្លើងភ្ជង់សមត្ថកិច្ចដើម្បីរំដោះយករថយន្ត570នេះទៅបាត់ ។ 

ជនសង្ស័យទាំង២ដែលឃាត់ខ្លួន ទី១ឈ្មោះ ទ្រី ណារិន អាយុ៣៨ឆ្នាំ មុខរបរថៅកែកាប់ជ្រូក ជាអ្នកបើកបររថយន្តបង្កហេតុពាក់ស្លាកលេខរដ្ឋ និងទី២ឈ្មោះ ស្រ៊ុន ពិសិដ្ឋ អាយុ៣០ឆ្នាំ មុខរបរកម្មករ ជាអ្នកបើកបររថយន្ត Corolla ។ 

សូមជម្រាបថា បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្ត ទំនើប ពាក់ស្លាកលេខរដ្ឋក្នុងល្បឿនលឿន ជ្រុលបុកបង្គោលភ្លើងបាក់១ដើម កាលពីវេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨  ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចំនុចមុខវិទ្យាល័យឫស្សីកែវ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកលុចស៊ីស LX570 ពណ៌ស ពាក់ស្លាកលេខរដ្ឋ 07.2.8989 បើកបរដោយថៅកែកាប់ជ្រូកខាងលើ ។ 

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុន ពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តបង្ក ពីត្បូងទៅជើងល្បឿនដូចហោះ ខណៈ មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងជ្រុលទៅ បុកសួនចែកផ្លូវពេញទំហឹង បណ្ដោលឲ្យរថយន្តហោះទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវបាក់១ដើម រថយន្តធ្លាក់មកម្ខាងផ្លូវហើយ ម្ចាស់រថយន្តព្យាយាមបើកត្រលប់ក្រោយទាំងកង់បែក ទាំងបួនបានប្រមាណ៥០ម៉ែត្រទៅមុខលែងរួច ។ មិនមានអ្នករបួសក្នុងហេតុការណ៍នេះឡើយ ។ 

ពេលនោះអ្នកបើកបររថយន្តបង្ក ក៏បានព្រមានអ្នកសារព័ត៌មានផងដែរថា បង្គោលភ្លើងនោះបាក់ ដោយសាររថយន្តក្រុងបុក មិនមែនរថយន្តខ្លួនឡើយ ។ ក្រោយសមត្ថកិច្ចវាស់វែងស្ទូចរថយន្តបង្ករួចដល់ពាក់កណ្តាលផ្លូវ  អ្នកបើកបររថយន្តបង្ក និងបក្សពួកបានជិះរថយន្ត Corolla មកភ្ជង់អ្នកបើកបរឡានស្ទូចនិងសមត្ថកិច្ច យកទៅបាត់ ។ 

តាម​ប្រភពមួយ​លួចខ្សឹបប្រាប់ថា ស្លាកលេខរដ្ឋនេះជាកម្មសិទ្ធិរបស់ ឳពុកអ្នកបើកបររថយន្តបង្ក ហើយឳពុកក៏មានមុខរបរថៅកែកាប់ជ្រូកដែរ ប៉ុន្តែមិនដឹងមានមុខងារអ្វីក្នុងជួរមន្រ្តីរាជការនោះទេ ៕ ៩៨

Leave a Reply

Your email address will not be published. Required fields are marked *