
ខេត្តពោធិ៍សាត់៖ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្ដែតនៅក្នុងថ្លុកទឹកគេសង្ស័យបណ្ដាលមកពីស្រវឹងស្រាដើរធ្លាក់ចូលថ្លុកទឹក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចក្បែចិញ្ចើមផ្លូវចូលវត្តអូរសោម ស្ថិតក្នុងភូមិ-ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
តាមប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រុន សល់ ភេទប្រុស អាយុ ៣៧ឆ្នាំ ស្រុកកំណើតនៅភូមិតាង៉ែត ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ។
តាមប្រភពដដែលបានបន្តថា ក្រោយមានការភ្ញាក់ផ្អើលនិងទទួលបានព័ត៌មានថាប្រទះឃើញសាកសពនេះ សមត្តកិច្ចបានសហការគ្នាចុះពិនិត្យជាក់ស្ដែង។ ប៉ុន្តែពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាត់កម្មនោះទេ សាកសពបុរសរងគ្រោះអាចបណ្ដាលមកពីស្រវឹងស្រាខ្លាំងពេក ហើយដើរដួលធ្លាក់ចូលថ្កុកទឹកដែលស្ទើរតែមិនគួរឲ្យជឿថាលង់ស្លាប់សោះ។
ក្រោយពីបានពិនិត្យរួចរាល់មកហើយនោះ កម្លាំងអាជ្ញាធរមូលដ្ឋានបានប្រគល់សាកសពឲ្យក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕សិរសា