យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងត្រូវរថយន្តធុនធំ​ក្រុមហ៊ុនអានកូ​ដឹកបង្គោលភ្លើងថ្មបុកពីក្រោយ កិនស្លាប់នៅនឹងកន្លែង

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់គួរអោយអណោចអធម៌ភ្លាមៗ ខណៈពេលកំពុងជិះម៉ូតូត្រូវបានរថយន្តធុនធំប្រភេទ យីឌុប ម៉ាក DONGFENGដឹកបង្គោលភ្លើងមួយគ្រឿងរបស់ក្រុមហ៊ុនអានកូ បើកបុកពីក្រោយនិងកិនអូសប្រមាណជា១០ម៉ែត្រ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង០៩និង៥០នាទីយប់ថ្ងៃ ទី២៤ ខែសីហា ឆ្នាំ២០១៨​ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ ចំណុចមុខ ស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិច ជិតឃ្លាំងដែកជីបម៉ុង ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ​​ រាជធានីភ្នំពេញ​។

ជនរងគ្រោះ(សព)មានឈ្មោះ សោម វណ្ណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត ក្រុមហ៊ុននាគមាស ធ្វើស្លាក ប៉ាណូ ស្នាក់នៅជាមួយប្រពន្ធនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង​មានស្រុកកំណើត ភូមិប្រាក់ព្រីង ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។ចំណែកអ្នកបើកបរថយន្តត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន២​ ឃាត់ខ្លួន​បាន​ រួចប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ដង្កោ យកទៅធ្វើការសាកសួរអត្តសញ្ញាណនៅប៉ុស្តិ៍ និងប្រគល់ឲ្យចរាចរណ៏ក្រុងបន្ត។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់បើករថយន្តបង្កមួយគ្រឿងម៉ាក DONGFENGយីឌុប ដឹកបង្គោលភ្លើងថ្មពេញ ដែលជារបស់ក្រុមហ៊ុនអានកូ (ANCO) ពាក់ស្លាកលេខភ្នំពេញ 3C-7248និងស្លាកលេខខាងក្រោយព្រះសីហនុ 4A-1249 បើកបរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូ សង់ បុិច (១១០) ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BL-1500 (ដាក់កាំបន្ទះស) បើកបរដោយជនរងគ្រោះស្របទិសដៅគ្នាពីក្រោយ បណ្ដាលឲ្យកិនហើយអូសប្រមាណជា១០ម៉ែត្រ ស្លាប់មួយរំពេច ភ្លាមៗ។ ចំណែកអ្នកបើកបរត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងទំពន់ទី២ចុះមកឃាត់ខ្លួន ហើយក្រោយមកទើបប្រគល់អោយទៅប៉ុស្តិ៍ដង្កោរ​ យកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ​អត្តសញ្ញាណ​។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះវាស់វែងយករថយន្តបង្កព្រមទាំងតៃកុងរថយន្តនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែក សពរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *