នេន១អង្គចេញទៅបិណ្ឌបាត្របាត់៤ថ្ងៃម្ដាយភ័យកាន់រូបថតទៅប្ដឹងប៉ូលិស

ភ្នំពេញៈ ស្រ្តីចំណាស់ម្នាក់បានកាន់រូបថតនេនតូច១អង្ធ្វើដំណើរទៅកាន់ប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។ដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ ដោយគាត់បាននិយាយថា នេនតូចនៅក្នុងរូបថតនោះគឺជាកូនប្រុសរបស់គាត់ហើយពេលនេះព្រះអង្គចេញទៅបិណ្ឌបាត្រហើយក៏ស្រាប់តែបាត់ព្រះកាយ៤ថ្ងៃកន្លងមកហើយមិនឃើញត្រឡប់ចូលទៅវត្តវិញឡើយ។

ស្ត្រីជាម្ដាយខាងលើបាននិយាយថាគាត់ឈ្មោះលឹម គីនលាង អាយុ៥៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ចំណែកនេនដែលបាត់ព្រះកាយនោះព្រះនាមម៉ូវ សុទី ព្រះជន្ម១៥វស្សាគង់នៅវត្តព្រៃស្ពឺ ស្ថិតនៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យត្រូវជាកូនប្រុសបង្កើតរបស់គាត់។

ប្រភពដដែលបានបន្តទៀតថា កូនរបស់គាត់នេះបានបាត់ព្រះកាយរយៈពេល៤ថ្ងៃកន្លងមកហើយគឺតាំងពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៥ ខែសីហា មកម្ល៉េះដោយពេលនោះព្រះអង្គបានជួលម៉ូតូរ៉ឺម៉កកង់បី១គ្រឿងជិះតែមួយអង្គឯងចេញពីវត្តព្រៃស្ពឺថាទៅនិមន្តទៅបិណ្ឌបាត្រ។បន្ទាប់មកក៏ស្រាប់តែបាត់ព្រះកាយរហូតមិនឃើញត្រឡប់មកវិញឡើយ ដោយមិនដឹងថាមានរឿងអ្វីកើតឡើងឡើយ ហើយក្នុងនាមគាត់ជាម្ដាយពិតជាមានអារម្មណ៍អាណិតកូននិងមានការព្រួយបាម្ភខ្លាំងណាស់។ព្រោះកាលពីប៉ុន្មានថ្ងៃមុនលោកកូនរបស់គាត់មានជម្ងឺរលាកស្រោមខួរធ្ងន់ធ្ងរនិងទើបតែចេញពីសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាថ្មីៗផងម្យ៉ាងព្រះអង្គនៅតូចនិងក្មេងខ្ចីទៀតផង។ដោយសារតាមរកគ្រប់ច្រកល្ហកច្រើនថ្ងៃប៉ុន្តែមិនឃើញទើបពេលនេះគាត់ធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ២ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យជួយអន្តរាគមន៍ស្រាវជ្រាវតែម្ដង៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *