រថយន្តTACOMAបើកបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាស់យ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យកាល់ម៉ែត្រភ្លាមៗ ដោយបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវទំនប់៧០ កែងផ្លូវលេខA6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយពីរថយន្តតាកូម៉ាបានជ្រុលទៅបុកម៉ូតូរងគ្រោះក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹង ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុគេឃើញ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BS-8729 បានធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់៧០ ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនល្មម ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាក TACOMA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AT-6515 ដែលបើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នាមួយម៉ូតូយ៉ាងលឿន ហើយក៏បុកម៉ូតូរងគ្រោះចំប្រឆិតចហៀងពីមុខពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ដែលជាម្ចាស់ម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកឯរថយន្តបង្កបានព្យាយាមបើករត់ពីកន្លែងកើតហេតុបានប្រហែល៥០០ម៉ែត្រ ដោយរថយន្តបង្កបានបែកកង់មុខនិងកង់ក្រោយក៏ទៅមុខលេងរួច ស្របពេលប្រជាពលរដ្ឋដេញតាមពីក្រោយក៏បានឃាត់តៃកុងប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្រះចកយកទៅសួរនាំ ។

ក្រោយកើតហេតុ​ភ្លាមៗ បុរសរងគ្រោះខាងលើត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះបន្ទាន់ ។ ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង យកម៉ូតូរងគ្រោះ និងរថយន្តបង្ករួមទាំងម្ចាស់ ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *