ចោរជនជាតិ២នាក់លួចគាស់ទ្វាររថយន្តលួចកាបូបលុយត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​ចោរលួច​គាស់​ទ្វារ​រថយន្ត លួច​យក​កាបូប​ប្រាក់ មួយ​កើតឡើង ដែល​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ពីរនាក់កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៨ សីហា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​២ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ​។

មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ រុន រ​ដ្ឋា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​អាជីវករ ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ​។ រីឯជនសង្ស័យ​ម្នាក់​ទៀតឈ្មោះ XU MENG JIE ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​ជន​ដៃដល់​)​ និង​ម្នាក់​ទៀត​ឈ្មោះ CHEN WEI JIAN ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អ្នក​ដូរ​លុយ​តាម​ទូរស័ព្ទ​ដៃ លិខិតឆ្លងដែន​លេខៈ EC៩០៧៤៦០១ មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​បក្ខពួក​)​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅ​វេលា​ម៉ោង​ខាងលើ ជន​រង​គ្រោះ​ចត​រថយន្ត​ទុក​ចោល​នៅ​លើ​ផ្លូវ ហើយ​ទៅហូបបង្អែម​នៅ​ក្បែរ​នោះ។ លុះក្រោយមក ស្រាប់តែ​មាន​ជនសង្ស័យពីរនាក់ បាន​ទៅ​គាស់​ទ្វារ​រថយន្ត​របស់​ជន​រង​គ្រោះ ហើយ​ចូល​ទៅ​ក្នុង​រថយន្ត​លួច​យកកាបូប​លុយ​។ ប៉ុន្តែខណៈ​​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​នោះ ជន​រង​គ្រោះ​បាន​ក្រឡេក​ឃើញ​ទាន់ ហើយ​ក៏​បាន​រត់​សំដៅ​ទៅ រថយន្ត ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ តែ​ពេល​នោះ​ជនសង្ស័យ ក៏​បាន​ចុះ​ពី​លើរថយន្ត និង​រត់គេច​ខ្លួន​។

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ជន​រង​គ្រោះ​បាន​ទៅ​ដាក់ ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច​ ហើយសមត្ថកិច្ច​បាន​ប្រើប្រាស់​កម្លាំង ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងស្រាវជ្រាវ និង ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ រហូត​ចាប់​បាន​ជនសង្ស័យ និង​បក្ខពួក​ម្នាក់​ទៀតមានឈ្មោះដូចខាងលើសុទ្ធតែ​ជនជាតិ​ចិន​ដូចគ្នា ។ ជាមួយគ្នានេះដែរ​សមត្ថកិច្ច​បានចាប់​យក​វត្ថុ​តាង កាបូប​យួរដៃ​១ ពណ៌​សូកូឡាមួយ​,​ទូរស័ព្ទ​ដៃ​២​គ្រឿង (​ម៉ាក IPHONE X ពណ៌​ខ្មៅមួយគ្រឿង និង​ម៉ាក NOKAI ពណ៌​ស​ មួយគ្រឿង ។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា កន្លង​មក​ពួក​គេ​ធ្លាប់​បាន ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថយន្ត​លួច​យក​សម្ភារ​លុយកាក់ ចំនួន​៣​លើក​មក​ហើយ​គឺ លើក​ទី​១​នៅ​ថ្ងៃ​ទី ២០ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ បាន​កាបូប​១ មាន​លុយ​ចំនួន ៣៩,០០០​ដុល្លារអា​មេ​រិ​ក ។

លើក​ទី​២ នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨ នៅ​មុខ​ក្រុមហ៊ុន L.G ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ លួច​បាន​កាបូប​១ មាន​លុយ​ជាង ១,០០០​ដុល្លារ​អា​មេ​រិ​ក និង លើក​ទី​៣នេះ នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មិន​បាន​សម្រេច ព្រោះ​ក្នុង​ពេល​ធ្វើ​សកម្មភាព​ត្រូវ​ម្ចាស់​រថយន្ត​មក​ទាន់​។

បច្ចុប្បន្នជនសង្ស័យពីរនាក់នេះ​ត្រូវ​បាន​សមត្ថកិច្ច​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ចាត់ការតាមច្បាប់ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *