ទំនាស់ក្នុងវង់ផឹកស៊ី ស្ទាក់ផ្លូវទាញទម្លាក់ពីលើម៉ូតូចាក់មួយកាំបិតស្លាប់នៅកន្លែង

ខេត្តព្រៃវែង៖ បុរស​ម្នាក់​ត្រូវ​បានដៃ​គូទំនាស់ ស្ទាក់​ចាក់១កាំបិត​ចំទ្រូងខាងឆ្វេងបណ្តាលឲ្យ​ដាច់ខ្យល់​ស្លាប់ភ្លាមៗ បន្ទាប់ពីទាស់សម្តី​វ៉ៃ​គ្នា​នៅ​វង់​ផឹកស៊ី នៅកន្លែងលក់ស៊ុបគោមួយកន្លែង  ក្នុងភូមិជាមួយគ្នា។
ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​រសៀល ថ្ងៃ ពុធ​ ៣ រោច ខែ ស្រាពណ៍  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី២៩ខែសីហា​ឆ្នាំ២០១ នៅ​ចំណុច​ផ្ទះ​លក់​​ស៊ុប​​​ម្ចាស់​​​ឈ្មោះ​ខាត់​ សួង ភេទ​ប្រុស​អាយុ៤១ឆ្នាំ​នៅ ភូមិ​ត្រពាំង​ឈូក ឃុំ​រំចេក​ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង។

មន្ត្រីនគរបាល ស្រុកព្រះស្តេចបានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ផៃ ឆាយ ភេទ​ប្រុស ​អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែ មាន​ទីលំនៅ​ភូមិ​កើតហេតុ។ ឯ​ជនរងគ្រោះ​ឈ្មោះ ទូច ពេជ្រ ភេទ​ប្រុស​អាយុ៣៥ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។
សាក្សីបានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​មានការ​ផឹកស៊ី គ្នា៣នាក់ មានឈ្មោះ​ខាត់​សួង ជា​ម្ចាស់ផ្ទះ​ខាងលើ រួមទាំង​ជនសង្ស័យ​និង​ជនរងគ្រោះ។ លុះ​ពេល​ស្រវឹងស្រឿងៗក៏​ទាស់សម្ដី​រវាង​ជនសង្ស័យ​និង​ជនរងគ្រោះ ឈានដល់​ប្រតាយប្រតប់​គ្នា ទន្ទឹម​នឹង​នោះ ម្ចាស់ផ្ទះបាន​ចូល​​​ទៅ​ឃាត់​​និងបំបែក កុំឲ្យឈ្លោះទាសទែងគ្នា ព្រោះសុទ្ធតែអ្នកស្រុកអ្នកភូមិជាមួយគ្នាទេ ។
ក្រោយមក​ឈ្មោះ ស៊ុំ រតន: ភេទ​ស្រី​អាយុ៤៤ឆ្នាំ ត្រូវជា​បងថ្លៃ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​ឌុប​ប្អូន​យកទៅ​ផ្ទះតែពេលមកដល់ ចំណុច ផ្លូវ​បត់​ចូល​ផ្ទះ​ជនរងគ្រោះ
ស្រាប់តែ​លេចមុខ​ជនសង្ស័យ ដែល​ពួនស្ទាក់​តាមផ្លូវ ស្ទុះ​ទាញ​ជនរងគ្រោះ​ទម្លាក់​ពីលើ​ម៉ូតូ រួច​យក​កាំបិត​ចិតបន្លែ​ចាក់​ចំ​លើ​ដើមទ្រូង​ផ្នែក​ខាងឆ្វេង១កាំបិត បណ្តាលឲ្យ​ដាច់ខ្យល់​ស្លា​ប់ភ្លាម​តែម្ដង។
ប្រភពដដែលបន្តថា ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រំចេក ​បានទៅដល់ ​ចាប់​ជនដៃដល់​បានភ្លាមៗ រួមជាមួយវត្ថុតាងកាំបិតស្រួច១ ដើមផងដែរ។

បច្ចុប្បន្ន​សាកសពត្រូវសមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ឯ​ជនសង្ស័យ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេចដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *