បុរស​ម្នាក់​ស្រវឹង​ស្រា​ជិះម៉ូតូ​ជ្រុល​ទៅ​បុក​ប៉ារាស់​​កម្លាំង​នគរបាល​ដាក់​គោលដៅ​ត្រួតពិនិត្យ​រង​របួស​ធ្ងន់​

ភ្នំពេញ​៖បុរស​ម្នាក់​ស្រវឹង​ស្រា​ជោក​ថ្ងាស​ជិះម៉ូតូ​ជ្រុល​ទៅ​បុក​ប៉ារាស់​កម្លាំង​នគរបាល​ដាក់​គោលដៅ​ត្រួតពិនិត្យ​រង​របួស​ធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ហេតុការណ៍​នេះកើតឡើងកាលពីវេលាម៉ោង២២៖១០នាទីយប់​ថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៨​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ៥៩៨សង្កាត់ទឹកល្អក់​ ១ខណ្ឌ​ទួលគោករាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ដាក់​គោលដៅ​ត្រួតពិនិត្យ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​អោយដឹងថា​ មុនពេល​កើត​ហេតុ​លោក ប៉ាង លីដា​ គណៈ​អភិបាល​នៃ​គណៈ​អភិបាល​រង​ខណ្ឌ​ទួល​គោក​និងលោក ជិន រតនះ អធិការ​រង​ខណ្ឌ​ទួល​គោក​ទទួលបន្ទុកសណ្តាប់ធ្នាប់និង​លោក តន់ រ៉ាវុធទទួលបន្ទុកផ្នែក​អន្តរាគមន៍​បានដាក់គោលដៅត្រួតពិនិត្យអាវុធ​ជាតិផ្ទុះនិងវាស់ជាតិអាកុល។ លុះ​ដល់​ម៉ោង​ចប់​ត្រួតពិនិត្យ​ស្រាប់តែមានបុរសម្នាក់វ័យប្រហែល៣៥ឆ្នាំជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅស៊េរី២០១៣ពាក់​ស្លាក​លេខកណ្តាល1L-6859ធ្វើដំណើរតាម​បណ្ដោយ​ផ្លូវ​ខាង​លើក្នុងទិសដៅពីត្បូងទៅជើងទាំងខ្លួនស្រវឹង​ជោក​ជាំ​ក៏មកបុក​ប៉ារាស់​កម្លាំង​នគរបាល​ពេញទំហឹងបណ្តាលអោយសន្លប់ស្តូកស្តឹងរងរបួសធ្ងន់ខ្លួនឯង។​

ភ្លាមៗនោះ​កម្លាំង​នគរបាល​ដែល​នៅ​កន្លែង​កើត​ហេតុ​ឃើញ​ដូច្នោះ​ ក៏ទំនាក់ទំនងទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ជន​រងគ្រោះ​មក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ ហុង ហាក់​រីឯម៉ូតូ​ត្រូវ​កម្លាំង​នគរបាល​វាស់វែងនិងយកទៅរក្សាទុកដើម្បីអោយសាច់ញ្ញាតិមកទទួលយកវិញ៕ខុងមីង​

Leave a Reply

Your email address will not be published. Required fields are marked *