ទទួលលុយកក់គេពីរពាន់ដុល្លារឿងសាងសង់ផ្ទះ១ល្វែងចង់ប្រែក្រឡាស់ចូលប៉ុស្ដិ៍សិន

 

 
ភ្នំពេញ៖ បុរសជាជាងម៉ៅការសំណង់ម្នាក់បានព្រមព្រៀងគ្នាថានឹងទទួលម៉ៅការសាងសង់ផ្ទះ១ល្វែងឲ្យភាគីម្ចាស់ទីតាំងក្នុងតំលៃសរុបជាងមួយមុឺនដុល្លារហើយបានទាមទារយកលុយកក់មុនចំនួនពីរពាន់ដុល្លារតែដោយសាមិនព្រមអនុវត្តតាមកិច្ចសន្យាពោលគឺចង់គេចកែប្រែក្រឡាស់ទើបម្ចាស់លុយប្ដឹងហៅចូលប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅដើម្បីដោះស្រាយគ្នា។​ហេតុការណ៍​នេះ​បានកើតឡើងកាលពីវេលា​ម៉ោង​៧:០០នាទី​ព្រលប់ថ្ងៃទី៩ខែមករាឆ្នាំ២០១៧នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះម្ចាស់ផ្ទះដែលជួលឲ្យគេសាងសង់នោះមានឈ្មោះ ខាន់ ស្រស់ ភេទស្រីអាយុ២៤ឆ្នាំស្នាក់នៅភូមិទួកសង្កែសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ តែមានដីឡូតិ៍មួយកន្លែងសម្រាប់សាងសង់ផ្ទះល្វែងនៅភូមិថ្មគោលសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ រីឯជនជាប់ចោទជាជាងម៉ៅការសំណង់នោះមានឈ្មោះ សំ សុីថា ភេទប្រុសអាយុ៣១ឆ្នាំមុខរបរម៉ៅការសំណង់រស់នៅភូមិតាក្ដុលសង្កាត់សេរីភាពក្រុងតាខ្មៅខេត្តកណ្ដាល ។
តាមសម្ដី​រៀបរាប់​របស់​នារីរងគ្រោះជាម្ចាស់លុយបានឲ្យសមត្ថកិច្ចដឹងថាកាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦កន្លងទៅថ្មីៗនេះខ្លួនបានធ្វើកិច្ចសន្យាមួយច្បាប់ថានឹងជួលឈ្មោះសំ សុីថានេះឲ្យសាសង់ផ្ទះមួយល្វែងដែលមានទំ​ហំ​ទទឹង៤,៥០ម៉ែត្រនិបណ្ដោយ១០,៥០ម៉ែត្រក្នុងតំលៃសរុប១៣០០០ដុល្លារ ក្នុងនោះអ្នកម៉ៅការបានទាមទារកក់លុយមុនចំនួន២០០០ដុល្លារដោយបានធ្វើកិច្ចសន្យាត្រឹមត្រូវ ។​ ប៉ុន្ដែចាប់ពីពេលនោះមកលោកមេជាងរូបនេះមិនបានអនុវត្តតាមកិច្ចសន្យាឡើយ ពោលគឺមិនឃើញដឹងសម្ភារៈសម្រាប់សាងសង់មកឡើយ មិនតែប៉ុណ្ណោះលោកមេជាងរូបនេះថែមទាំងទាមទារឲ្យភាគីអ្នកជួលបន្ថែមលុយ៥ពាន់ដូល្លារទៀតទើបគេមកសាសង់ឲ្យបើមិនឲ្យ៥ពាន់ដុល្លារទេគេមិនមកធ្វើផ្ទះឲ្យនោះទេហើយលុយពីរពាន់ដុល្លារ៍ដែលកក់នោះក៏ទុកជាអាសាបង់ដែរ។ នេះបើយោងតាមការសន្ទនាគ្នាតាមទូរស័ព្ទរវាងអ្នកជួលនិងអ្នកម៉ៅការរូបនេះ។
តាម​ប្រភពដដែល​បាន​បន្ដថាក្រោយមកដោយសានិយាយមិនចុះសម្រុងគ្នាទើបម្ចាស់លុយសម្រេចចិត្តប្ដឹងសមត្ថកិច្ចឲ្យជួយអន្ដរាគមន៍ដោយបាននាំខ្លួនមេការសំណង់រូបនោះមកកាន់ប៉ុស្ដិ៍នគរបាលដើម្បីដោះស្រាយគ្នា តែ​មេការសំណង់រូបនេះមិនដឹងជាយកលុយគេទៅណាទេពេលមកដល់ប៉ុស្ដិ៍នគរបាលបែរជាគ្មានលុយសងគេសោះ តែបានបុរសម្នាក់ដែលជាមនុស្សស្និទ្ធនិងគ្នាហើយមានតួនាទីជាក្រុមប្រឹក្សាសង្កាត់មួយនៅក្នុងខណ្ឌទួលគោកមកចេញមុខធានាថានឹងចេញលុយសងជំនួសជនជាប់ចោទរូបនោះដើម្បីបានរួចខ្លួនទៅផ្ទះវិញ តែការធានានេះថានឹងយកលុយមកប្រគល់ឲ្យជនរងគ្រោះម្ចាស់លុយនៅថ្ងៃទី១០ខែមករានេះតែម្ដងទើបសមត្ថកិច្ចនិងម្ចាស់លុយយល់ព្រមឲ្យចាកចេញពីប៉ុស្ដិ៍ ៕​សិរសា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *