ភ្នំពេញ៖ មានការភ្ញាក់ផ្អើលពេញរោងចក្រ ជេ អេវើហ្គ្រីន នៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីកម្មការិនីរោងចក្រ ២នាក់ មើលមុខគ្នាមិនត្រង់និយាយ ឌឺដងគ្នាទៅវិញទៅមក ទ្រាំលែងបានវាយគ្នាប្រាវ រួចនាំគ្នាទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅឲ្យជួយដោះស្រាយតាមច្បាប់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ភាគីទំនាស់ទាំងពីរ ម្ខាងឈ្មោះ ផន ម៉ារ៉ន អាយុ ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ជេ អេវើហ្គ្រីន ស្នាក់នៅផ្ទះជួលភូមិព្រៃល្វា សង្កាត់ចោមចៅ មានស្រុកកំណើតភូមិឫស្សី ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង ភាគីម្ខាងទៀត ឈ្មោះ នាថ សោភ័ណ្ឌ អាយុ ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រជាមួយគ្នា ស្នាក់នៅផ្ទះជួលភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិីសែនជ័យ មានស្រុកកំណើតភូមិកំចាយមា ឃុំក្រញ៉ូង ស្រុកកំចាយមា ខេត្តព្រៃវែង មានប្ដីឈ្មោះ ហ៊ា វិច្ឆ័យ អាយុ ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រជាមួយគ្នា មានស្រុកកំណើតភូមិទ្រា ឃុំស្លក្រាម ស្រុកត្បូងឃ្នុំ ខេត្តត្បូងឃ្មុំ ។
កម្មករ កម្មការិនីធ្វើការជាមួយនិងដឹងរឿងនេះបាននិយាយថា ស្រ្តីទាំង ២នាក់នេះ ថ្វីត្បិតសុទ្ធតែអ្នករួមការងារក្នុងរោងចក្រជាមួយគ្នាក៏ពិតមែន តែសម្ព័ន្ធភាព កម្មករការងារ មិនចុះសម្រុងគ្នានិងតែងបោះ សម្តីផ្លែផ្កាដាក់គ្នាទៅវិញទៅមកជាយូរមកហើយ។ទីបំផុតនៅថ្ងៃកើតហេតុពួកគេទ្រាំមិនបានក៏បើកឆាកប្រយុទ្ធ ប្រកួតដោយដៃទល់នឹងដៃប្រើក្រចក ក្រញៅទាំងម្រាម ៥ទៅវិញទៅមករហូតរបួសរៀងៗខ្លួន។ ពេលនោះសូម្បីប្តីដែលនៅជិតប្រពន្ធ ក៏មិនហ៊ានចូលជួយដែរ ព្រោះជៀសវាងចោទប្រកាន់ថា ជួយប្រពន្ធសុខចិត្តឈរមើល។
បន្ទាប់ពីប្រយុទ្ធគ្នាដៃទល់នឹងដៃរងរបួសរៀងៗខ្លួនក៏ត្រូវបានប្រធានរដ្ឋបាលរោងចក្រ ឃាត់នាំទៅសាកសួរ និងយកទៅសម្របសម្រួលគ្នានៅប៉ុស្តិ៍នគរបាលចោមចៅ និងបានត្រឹមផ្តិតមេដៃចុះកិច្ចសន្យាជាមួយគ្នាឈប់ឈ្លោះគ្នាប៉ុណ្ណោះ ៕ ប្រាថ្នា