
ភ្នំពេញ៖ស្ត្រីជាមេតុងទីនម្នាក់ត្រូវកូនតុងទីនប្ដឹងនគរបាលប៉ុស្ដិ៍ក្បាលកោះប្ដឹងអោយឃាត់ខ្លួន ខណៈដែលប្រមូលលុយហើយរត់គេចខ្លួន។ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១៧:៣០នាទីល្ងាចថ្ងៃទី១០ខែមករាឆ្នាំ២០១៧ស្ថិតនៅភូមិជ្រោយអំពិលសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ។
ស្ត្រីជាជនសង្ស័យឃាត់ខ្លួនឈ្មោះ លី ចាន់រ៉ា ភេទ ស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅ ផ្ទះគ្មានលេខ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ចំណែកឯដើមបណ្តឹងឈ្មោះ អ៊ូ ឆុននី ភេទ ស្រី អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ត្បាញក្រមា ស្នាក់នៅ ផ្ទះគ្មានលេខ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ(តំណាង ឲ្យកូនតុងទីន ៤៦នាក់)។
តាមប្រភពព័ត៌មានពីដើមប្តឹងឈ្មោះអ៊ូ ឆុននី តំណាងឲ្យកូនតុងទីនទាំងអស់បាននិយាយថា កាលពីថ្ងៃមិនចាំ ខែវិច្ឆិកា ឆ្នាំ២០១៣ ជនសង្ស័យបានធ្វើមេតុងទីន ដែល មានកូនតុងទីនទាំង អស់ប្រហែល ១០០នាក់ លេង១១ខ្សែ ហើយខ្សែតុងទីនដេញរួចមាន ៤ខ្សែ មានកូនតុងទីនខ្លះដេញបានហើយ រត់ចោលស្រុក និងខ្លះទៀតមិនបង់លុយឲ្យ។ រួចជនសង្ស័យក៏បានលួចយកឈ្មោះកូនតុងទីននៅខ្សែផ្សេងទៀត ដែលនៅរស់ ដេញយកលុយមកបង្វិលសងកូនតុងទីន ។ លុះដល់ថ្ងៃកើតហេតុខាងលើដើមបណ្តឹង និងកូនតុងទីនដែលនៅរស់៤៦នាក់ទៀត បានដឹងរឿងហេតុខាងលើ ក៏នាំគ្នាឈប់បង់លុយឲ្យ ហើយនាំគ្នាមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍ក្បាលកោះ ចាត់ការតាមច្បាប់។
បច្ចុប្បន្ននេះជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់៕សារ៉េត