ភ្នំពេញ៖ ស្រ្ដីអ្នកលក់លៀសហាលម្នាក់ បន្ទាប់ពីមកពីលក់លៀសហាលវិញ បបួលប្តី ទៅផឹកស្រាជាមួយអ្នកជិតខាង លុះផឹកស្រាអស់កន្លះលីត្រក៏ស្រវឹងខ្លាំង ទើបប្តីហៅទៅដេក តែស្រី្តនោះខឹងប្តីបានលោតពីលើផ្ទះជួលជាន់ទី១សម្លាប់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានអ្នកជិតខាងដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង ២០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលអត់លេខ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ស្រ្តីរងគ្រោះមានឈ្មោះ ភិន សុខឡេង ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរលក់លៀសហាល ស្នាក់នៅ ផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានប្តីឈ្មោះ យន់ សុផល មុខរបររត់ឌុប ព្រមទាំងមានកូនតូចចំនួន ៤នាក់ ប្រុស ២នាក់ ស្រី២នាក់រស់ក្នុងបន្ទុក ។
ប្រជាពលរដ្ឋរស់នៅជិតខាងបានឲ្យដឹងថា មុនពេលកើតហេតុ គឺក្នុងអំឡុងម៉ោង ៨យប់ថ្ងៃកើតហេតុ ស្រ្ដីរងគ្រោះរួមជាមួយប្តីរបស់គាត់ បាននាំគ្នាទៅផឹកស្រាថ្នាំ ជាមួយនឹងអ្នកជិតខាងជាស្រ្តីម្នាក់ ដែលនៅបន្ទប់ជួលជាន់ទីមួយ ក្បែរគ្នា។ពេលអង្គុយផឹកស្រាគ្នា ៣នាក់អស់ស្រាតែកន្លះលីត្រសោះក៏ស្រវឹងខ្លាំងដោយទំនងជាគាត់ ទើបនឹងមកពីលក់លៀសហាល ហត់នឿយពេកទើបឆាប់ស្រវឹង។ ពេលឃើញប្រពន្ធស្រវឹងប្តីស្ត្រីរងគ្រោះ បានបបួលទៅដេកយកកម្លាំងព្រោះគាត់ហត់នឿយពីថ្ងៃនិង យប់ជ្រៅហើយ។ពេលនោះស្រាប់តែប្រពន្ធបានឆ្លើយថា ភ័យអី! អញផឹកមិនទាន់ឆ្អែតចង់នៅផឹកបន្តិចទៀត។បន្ទាប់មកទាំងពីរនាក់ប្តីប្រពន្ធក៏ទាស់សំដីគ្នា មួយប្រាវហើយភ្លាមនោះប្រពន្ធនិយាយខ្លាំងៗថា អញលោតសម្លាប់ខ្លួនឥឡូវនឹង? គ្រាន់តែនិយាយរួចស្ទើរផុតពីមានត់មិនទាន់ ស្រាប់តែស្ត្រីជាប្រពន្ធ បានលោតចុះទៅក្រោមភ្លាម បណ្តាលឲ្យរបួសពកក្បាលនិង បាក់ចង្កេះតែម្តង។
ក្រោយកើតហេតុអ្នកជិតខាងអាណិតអាសូរពេកបានទំនាក់ទំនងទៅ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចុះទៅបានធ្វើការសាកសួរ រួចក៍បានទូរស័ព្ទហៅរថយន្តសង្គ្រោះ មកដឹកជនរងគ្រោះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀតហៅពេទ្យមិត្តភាពកម្ពុជា-សូវៀតបាត់ទៅ៕ អូន ធួក
