ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ទួលសង្កែបានឃាត់ខ្លួនុមនុស្ស៣នាក់ ពាក់ព័ន្ធជួញដូរថ្នាំញៀននាវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ៧០កែងផ្លូវរថភ្លើង ស្ថិតក្នុងក្រុម៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ៣នាក់ ទី១-ឈ្មោះ ប៉ែន ភា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ, ទី២-ឈ្មោះ ឡាយ ហេងហួត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី៣-ឈ្មោះ ប្រាក់ ដារ៉ាន់ ហៅដារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ បើកបររថយន្តរោងចក្រ រ៉ូស៉ីង បច្ចុប្បន្នអ្នកទាំង៣នាក់មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
មន្រី្តនគរបាលប៉ុស្តិ៍ទួលសង្កែបានឲ្យដឹងថានៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញារហូតឈានដល់ការបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀន ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ហើយឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៣នាក់ និងដកហូតម្សៅក្រាមពណ៌សថ្លា ចំនួន ១២កញ្ចប់។
បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ៕អូន ធួក

