កើតជំងឺភ័យខ្លាចរត់ចូលអណ្តូងងបោកក្បាលស្លាប់

ខេត្តព្រះវិហារ ៖ បុរស​វ័យចំណាស់ម្នាក់​បាន​បាត់​បង់ជីវិត គួរ​ឲ្យ​អាណោចអាធ័ម បន្ទាប់ពី​បាន​រត់​ធ្លាក់​ចូលក្នុង​អណ្តូងទឹកដែលមិនមានរបាំងឬគម្របបណ្តាលឲ្យបោកក្បាល ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់ថ្ងៃ អង្គារ ២ កើត ខែ ភទ្របទ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​ព្រៃ​ស្មាច់ ក្នុងភូមិ​គូលែន​ជើង ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ ។

លោក​វរសេនីយ៍ទោ ឡាញ់ លី​ស៊ីវ​ឡេង អធិការនគរបាល​ស្រុក​គូលែន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ អ៊ុន អុន ភេទ​ប្រុស អាយុ៤៨ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ។ជនរងគ្រោះ​ជាម​នុស្ស​​ញៀន​ស្រា រហូត​កើត​ជំងឺ​ភ័យខ្លាច​ចេះតែ​រត់​រហូត។នៅ មុនពេល​កើតហេតុ ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ដេក​យាម​ជនរងគ្រោះ​ខ្លាច​ជនរងគ្រោះ​រត់ដូចកាលពីនៅពេលថ្ងៃ ប៉ុន្តែស្របពេល ដែល​ក្រុមគ្រួសារ​ដេកលក់​មួយភាំង ជនរងគ្រោះ​បានលួច​ដើរ​ចុះពីលើផ្ទះ ហើយ​បាន​រត់​រហូត​ធ្លាក់ចូល​អណ្តូងទឹក​រប​ស់​កូននៅ ផ្ទះ​ទល់មុខ​គ្នា ដែលមាន​ជម្រៅ​៥ម៉ែត្រ បណ្តាល​ឲ្យ​បោក​ក្បាល​នឹង​ថ្ម បែកក្បាល​ផ្នែក​ខាងក្រោយ ប្រវែង៥សង្ទីម៉ែត្រ ។ ភ្លាមនោះដែរ កូនបង្កើត​ដែលជា​ម្ចាស់​អណ្តូង​បានឮ​សំឡេងឪពុកស្រែកថា អូយ! ក៏រ​ត់ទៅ​មើលឃើញឪពុកនៅក្នុងអណ្តូងទឹក រួច​ក៏បាន​ហៅ​ក្រុមគ្រួសារ​មកជួយ​ស្រង់​ចេញពី​អណ្តូង និង​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​ឯម​ណ្ឌូ​ល​សុខភាព​គូលែន ប៉ុន្តែ​ក្រោយមក​បាន​ដាច់ខ្យល់​ស្លាប់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយរត់ធ្លាក់អណ្តូងបោកក្បាលនឹងថ្មប្រាកដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *